កំពង់ធំ៖ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ណែនាំការអនុវត្តការងារដល់មន្រ្តីពន្ធនាគារ និងបានចាត់តាំងលោកព្រះរាជអាជ្ញារងមួយរូបទទួលបន្ទុកការងារពន្ធនាគារ ដើម្បីសម្របសម្រួល និងធ្វើកិច្ចសហការរវាងស្ថាប័នអយ្យការ ជាមួយនឹងអង្គភាពពន្ធនាគារខេត្តកំពង់ធំ។
លោក រស់ សារាំ បានមានប្រសាសន៍ណែនាំបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីកិច្ចការពាក់ព័ន្ធពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារង លោកប្រធាន-អនុប្រធានពន្ធនាគារ និងមន្រ្តីនៃពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បន្ថែមពីលើនេះ លោកព្រះរាជអាជ្ញារូបនេះ បានលើកឡើងនូវគោលការណ៍ណែនាំមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និង ដើម្បីសម្របសម្រួលនីតិវិធីក្នុងការអនុវត្តការងារមួយចំនួនទាក់ទងនឹងពន្ធនាគារ រួមមាន÷ សំណុំឯកសារនៃការដោះលែងឱ្យនៅក្រៅឃុំ, ការអនុវត្តនីតិវិធីបង្ខំដល់រូបកាយចំពោះទណ្ឌិតដែលមិនព្រមបង់ប្រាក់ពិន័យ, ការចុះអធិការកិច្ចពន្ធនាគារ, ការរៀបចំពង្រឹង-ពង្រីកយន្តការបណ្តុះបណ្តាលបំណិនជីវិតដល់ជនជាប់ឃុំ, ការតាមដាន និងត្រួតពិនិត្យជនជាប់ឃុំចៀសវាងករណីពាក់ព័ន្ធគ្រឿងញៀនក្នុងពន្ធនាគារ, ការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យ ការបញ្ជូនជនជាប់ឃុំចូលរួមក្នុងនីតិវិធីតុលាការ ឫសវនាការជាដើម ។
ជាមួយគ្នានោះ លោក រស់ សារាំ បានកោតសរសើរចំពោះកិច្ចសហការល្អរបស់តំណាងអយ្យការ ជាមួយមន្រ្តីពន្ធនាគារ ដែលបានអនុវត្តការងារកន្លងមក ប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងការយោគយល់អធ្យាស្រ័យគ្នា។ ហើយលោក ក៏បានបន្តជំរុញនិងលើកទឹកចិត្ត ដើម្បីរក្សានូវកិច្ចសហការដ៏ល្អនេះ ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងទិសដៅគ្រប់គ្រងសេវាពន្ធនាគារខេត្តកំពង់ធំឲ្យបានកាន់តែល្អប្រសើរ៕