ភ្នំពេញ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រ ១៥០គ្រឿង និងរៀបចំបន្ទប់ ICT Lab ចំនួន១បន្ទប់ជូនដល់សាកលវិទ្យាល័យការពារជាតិ យកទៅប្រើប្រាស់ក្នុងការងារបណ្តុះបណ្តាលដល់និស្សិតលើជំនាញព័ត៌មានវិទ្យាយោធា។
ពិធីប្រគល់-ទទួលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ។
លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកលវិទ្យាល័យការពារជាតិ ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់និស្សិតនាយទាហានជំនាញព័ត៌មានវិទ្យាយោធា។ លោកបានបន្ថែមថា ចំពោះកុំព្យូទ័រ ១៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យការពារជាតិ ដែលបានរួមចំណែកយ៉ាងសកម្ម លេីការលើកកម្ពស់ ពង្រឹងសមត្ថភាព កងទ័ព ឱ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាង ពិតប្រាកដ ក្នុងការទទួលខុសត្រូវ បំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន ម៉ាណែត ជា នាយករដ្ឋ មន្ត្រី ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ ជា តារា បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញព័ត៌មានវិទ្យាយោធា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល។
សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ ជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នាំមុខគេលើផ្នែក សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ការសិក្សាវិទ្យាសាស្ត្រសង្គមនិងភាសា វិទ្យាសាស្ត្រពិត និងការអប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាលវិជ្ជាជីវៈអាជីពដែលមានការទទួលស្គាល់កម្រិតថ្នាក់ជាតិ និងអន្តរជាតិ៕