គណ:មេធាវីកម្ពុជាចុះ MOU ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដេីម្បីអភិវឌ្ឍធនធានមនុស្ស និងផ្តល់សេវាផ្នែកច្បាប់

គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការរវាង មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន និងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាដេីម្បីអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់។

ការចុះអនុស្សរណៈនៃការយោគយល់នេះគឺធ្វេីឡេីងរវាងលោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងលោកប្រធាន និងលោកសាស្ត្រាចារ្យ ZHANG XIAO JUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន និងជាព្រឹទ្ធបុរសនៃសាលាច្បាប់អន្តរជាតិ នៅសាកលវិទ្យាល័យភាគនិរតីវិទ្យាសាស្រ្ត នយោបាយ និងនីតិសាស្រ្តនៅទីក្រុងឆុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណ:មេធាវីកម្ពុជាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បេីតាមគណ:មេធាវី ការចុះអនុស្សរណៈនៃការយោគយល់ជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នេះ គឺធ្វេីឡេីងក្នុងអំឡុងពេលដែលលោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមេធាវីកម្ពុជាចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៥ ក្រោមមូលបទកសាងសហគមន៍វាសនារួមចិន-អាស៊ាន កាន់តែជិតស្និទ្ធតាមរយៈនីតិរដ្ឋ ដែលប្រព្រឹត្តទៅនៅទីក្រុងឆុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន។

ប្រភពដដែល បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការខាងលេីនេះ ស្ថាប័នទាំងពីរនឹងរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរផ្នែកច្បាប់ (exchanges in law) ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់។ ក្នុងនោះការផ្លាស់ប្តូរផ្នែកច្បាប់ ស្ថាប័នទាំងពីរនឹងចូលរួមចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ ពិភាក្សាលើប្រធានបទដែលឆ្លើយតបទៅនឹងការវិវត្តនិងតថភាពសង្គមជាក់ស្តែងនៅក្នុងវេទិកាប្រចាំឆ្នាំ ឬកម្មវិធីនានា គាំទ្រព្រឹត្តិបត្រច្បាប់តាមរយៈការចូលរួមផ្សព្វផ្សាយនិងសរសេរអត្ថបទ និងចែករំលែកការវិវត្តផ្នែកច្បាប់ថ្មីៗរវាងកម្ពុជា និងចិន។

ដោយឡែកចំពោះការអភិវឌ្ឍធនធានមនុស្ស ស្ថាប័នទាំងពីរនឹងសហការសម្របសម្រួលជាមួយការិយាល័យមេធាវីនៃប្រទេសទាំងពីរ ដើម្បីផ្តល់ឱកាសដល់មេធាវីនិងនិស្សិតច្បាប់កម្ពុជានិងចិន ចុះធ្វើការសិក្សាស្រាវជ្រាវ និងកម្មសិក្សាដោយផ្ទាល់ទៅវិញទៅមក ដោយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នឹងផ្តល់អាហារូបករណ៍ដល់មេធាវី ដែលណែនាំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភាគនិរតីវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត។

តាមរយះកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរក៏នឹងសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញផងដែរ។ រីឯការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់វិញ ស្ថាប័នទាំងពីរនឹងណែនាំអ្នកជំនាញទៅវិញទៅមក ដើម្បីផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនដល់សហគ្រាសពាណិជ្ជកម្មដែលមានតម្រូវការ។ ស្ថាប័នទាំងពីរក៏ឯកភាពលើការអភិវឌ្ឍយន្តការផ្សះផ្សាវិវាទពាណិជ្ជកម្ម អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផងដែរ៕