ព្រះមហាក្សត្រ៖ ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត»ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមានតម្លៃជាសាកលពិតប្រាកដ

សៀមរាប៖ ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច មុខប្រាសាទអង្គរវត្ត» គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ ។

ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត» កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះទូលថា ជាសច្ចធម៌ប្រាសាទអង្គរវត្ត ជាសក្ខីភាព នៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោក ចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច» ប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ»។

ជាមួយគ្នានោះ សម្ដេច ព្រះមហាក្សត្រ មានព្រះរាជបន្ទូល សង្កត់ធ្ងន់ថា ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។ កិច្ចដំណើរ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេស ប្រទេសជប៉ុន ។

លើសពីនេះទៀត ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល បន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕