ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានធ្វើការណែនាំមួយចំនួន ដល់អភិបាលរាជធានី-ខេត្ត ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានជូន បេក្ខជន ឬ អ្នកអាណាព្យាបាលរបស់បេក្ខជន សាធារណជន គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ស្របតាមសារាចរលេខ ០៨ សរ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ។
សេចក្ដីណែនាំមួយចំនួននោះរួមមាន៖
១. មុនដំណើរការសំណេរ ៖ ជួយសម្រួលដល់គណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលដឹកជញ្ជូនហឹប ប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ) ទៅកាន់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងចាត់មន្ត្រីទទួលបន្ទុកថែរក្សា ប្រគល់ ទទួលហឹបប្រធានវិញ្ញាសា និងហឹបកិច្ចការបេក្ខជនដែលបានផ្ញើ ដោយគណៈមេប្រយោគប្រឡងព្រមទាំងទទួលខុសត្រូវលើសុវត្ថិភាពហឹបប្រធានវិញ្ញាសា និងហឹបកិច្ចការបេក្ខជន ក្នុងអំឡុងពេលផ្ញើ។ ចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបវិញ្ញាសា និងហឹបកិច្ចការ បេក្ខជននៅតាមសាលារាជធានី ខេត្ត និងក្រុង ស្រុកគោលដៅ។
២. ក្នុងដំណើរការសំណេរ៖ ចូលរួមនិងសហការជាមួយគណៈមេប្រយោគទូទាំងប្រទេសបើកប្រធានវិញ្ញាសាជាផ្លូវការតាមមណ្ឌល ប្រឡងណាមួយសម្រាប់វិញ្ញាសាទី១ និងតែម្ដងគត់ ជានិមិត្ដរូបតំណាងឱ្យរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេស ប្រចាំមណ្ឌល ប្រធាន អនុប្រធានមណ្ឌលប្រឡង អ្នកត្រួតពិនិត្យតាមអគារ និងអ្នកពាក់ព័ន្ធ។ គ្រប់គ្រងសភាពការណ៍ប្រឡង ចូលរួមត្រួតពិនិត្យ និងបញ្ហាដោយផ្ទាល់ដល់សមត្ថកិច្ចក្នុងការរក្សានូវសុវត្ថិភាពវិញ្ញាសា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡងនីមួយៗ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ចៀសវាងឱ្យបានជាដាច់ខាតនូវបាតុភាពអសកម្ម ដែលបង្កឱ្យមានភាពអនាធិបតេយ្យក្នុងពេលប្រឡង។ជួយរក្សាសុវត្ថិភាព សន្តិសុខដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងបេក្ខជនប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងនានានៅតាមរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ពង្រឹងយន្តការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡង នីមួយៗ ក្នុងពេលដំណើរការវិញ្ញាសាសរសេរ។ ទប់ស្កាត់ការថតចម្លងនូវសំណៅឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡង តាមគ្រប់រូបភាព ពិសេស ការផ្អាកអាជីវកម្មថតចម្លងឯកសារនៅទីតាំងជុំវិញបរិវេណមណ្ឌលប្រឡង។ ជួយសម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគដើម្បីធ្វើដំណើរទៅមណ្ឌលប្រឡងឱ្យ បានទាន់ពេលកំណត់។ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតមានជាយថាហេតុ។ បិទផ្លូវ ផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរឆ្លងកាត់ ដែលរំខានដល់ដំណើរការប្រឡង។
បិទឬ ផ្អាកជាបណ្តោះអាសន្ននូវការបើកតៀមលក់ដូរ នំចំណីជុំវិញមណ្ឌលប្រឡង។ទប់ស្កាត់ការបោះ គប់ឬបញ្ជូនសំណៅចម្លើយនៃវិញ្ញាសាចូលក្នុងមណ្ឌលនិងបន្ទប់ប្រឡង។ចាត់កងកម្លាំងមានសមត្ថកិច្ចយាមកាមមណ្ឌលប្រឡងនៅចន្លោះម៉ោងសម្រាកថ្ងៃត្រង់ និង ពេលយប់។ជួយសម្របសម្រួលការរំខានបណ្ដាលមកពីសំឡេងក្នុងពិធី និងសកម្មភាពផ្សេងៗនៅជុំវិញបរិវេណ មណ្ឌលប្រឡង។
ក្រោយដំណើរការសំណេរ៖ ចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបកិច្ចការបេក្ខជន៖ -រសៀលថ្ងៃទី១ ក្រោយដំណើរការប្រឡងត្រូវបានបញ្ចប់ ត្រូវអមគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី ខេត្ត និងគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបកិច្ចការ បេក្ខជនពីមណ្ឌលប្រឡងមករក្សាទុកនៅសាលាខេត្ត លើកលែងតែរាជធានីភ្នំពេញត្រូវដឹកមករក្សា ទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ហឹបកិច្ចការបេក្ខជនដែលមានមណ្ឌលប្រឡងនៅតាមក្រុង-ស្រុកត្រូវដឹកយកមករក្សាទុកដាក់នៅសាលាខេត្ត។ -ព្រឹកថ្ងៃបន្ទាប់(ក្រោយដំណើរការប្រឡងត្រូវបានបញ្ចប់ទាំងពីរថ្ងៃ ត្រូវអមគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបកិច្ចការបេក្ខជនពីសាលាខេត្តមករក្សាទុកដាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
៤. ក្នុងដំណើរការកំណែ៖ រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបកិច្ចការបេក្ខជន ក្នុងនោះ៖ ត្រូវចូលរួម អមដំណើរប្រធានមណ្ឌលកំណែ ដើម្បីដឹកហឹបកិច្ចការបេក្ខជនពីវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅរក្សាទុកដាក់នៅ ក្នុងមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ។ រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលកំណែ រួមទាំងរក្សាសុវត្ថិភាពសន្លឹកកិច្ចបេក្ខជនដែលបានរក្សាទុកដាក់នៅក្នុងមណ្ឌលកំណែ។ រក្សាសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការកំណែ។ សម្រួលចរាចរណ៍ដើម្បីឱ្យគណៈមេប្រយោគ និងគណៈកម្មការកំណែបានមកបំពេញការងារ ទាន់ពេលកំណត់។ ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតមានជាយថាហេតុក្នុងដំណើរការកំណែ។
៥. ក្នុងដំណើរការសង់បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផល៖ រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ជាប់សាលាបឋមសិក្សាចៅពញាហុក) សាលាបឋមសិក្សាចៅពញាហុក និងនាយកដ្ឋានកិច្ចការប្រឡង។ រក្សាសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ ។ សម្រួលចរាចរណ៍ដើម្បីឱ្យគណៈមេប្រយោគ និងគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានមកបំពេញការងារទាន់ពេលកំណត់។ ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតមានជាយថាហេតុក្នុងដំណើរការស្រង់ បូក ពិន្ទុដោយកុំព្យូទ័រ។ចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌលប្រឡង នីមួយៗ នៅពេលប្រកាសលទ្ធផលប្រឡង។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដោយមានបេក្ខជនសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ និងមានមណ្ឌលសំណេរ សរុបចំនួន ២២៧មណ្ឌល ស្មើ៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ស្មើនឹង១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ស្មើនឹង៣.៨៦១បន្ទប់។ ចំណែកមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌលនៅរាជធានីភ្នំពេញ៕