ភ្នំពេញ៖ ក្រោយមានលោកគ្រូបង្រៀនម្នាក់សរសេរពីការព្រួយបារម្ភគុណភាព នៃការអប់រំទាំងការសិក្សា និងសីលធម៌របស់សិស្សានុសិស្សធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ ខណៈសិស្សមួយចំនួនមិនអាច សរសេរ អាន អក្សរត្រឹមត្រូវ ឬ សូត្រមេលេខគ្រប់មេនៅឡើយនោះ មន្ត្រីអ្នកនាំពាក្យក្រសួង អបរំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអបរំ យុវជន និងកីឡា មិនដែលប្រងើយកន្តើយ ចំពោះមតិរិះគន់ ពីគ្រប់មជ្ឍដ្ឋាន ដើម្បីស្ថាបនាឡើង។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអបរំ យុវជន និងកីឡា ប្រាប់ Khmer CM នៅថ្ងៃទី ៣ ខែវិច្ឆិកានេះថា «៖ ទាក់ទងនឹងការរិះគន់នេះ ក្រសួងអប់រំ យុវជន និងកីឡា មិនដែលប្រងើយកន្តើយចំពោះ មតិយោបល់ (Feedback) ពីគ្រប់មជ្ឈដ្ឋាននានា មិនថាសិស្ស ឬលោកគ្រូ អ្នកគ្រូនោះទេ»។
លោកស្រីបន្តថា៖ « យើងតែងតែស្តាប់ នៅពេលដែលស្តាប់ហើយ យើងយកទៅធ្វើការវាយតម្លៃ ។ អ៊ីចឹង! តាមរយៈការវាយតម្លៃហ្នឹង យើងតែងផ្លាស់ប្តូរជាប្រចាំ មិនថាកម្មវិធីសិក្សា និងសេក្តីណែនាំនានានោះទេ។ សូម្បីតែអាណត្តិថ្មីនេះ ក៏សម្តេចធិបតី ប្រកាសផ្សាយ ក្នុងការជំរុញឱ្យសាលារៀន អនុវត្តក្រៅម៉ោង សិក្សា និង ពង្រឹងក្រមសីលធម៌របស់សិស្សានុសិស្សទៀតផង»។
លោកស្រី បញ្ជាក់ទៀតថា ក្រសួងអបរំ យុវជន និងកីឡា បាននឹងកំពុងខិតខំប្រឹងប្រែងកែលម្អកម្មវិធីសីក្សា គុណវុឌ្ឍិ លោកគ្រូ អ្នកគ្រូ តាមរយៈការបណ្តុះបណ្តាល និងដាក់ចេញនូវគោលនយោបាយអបរំផ្សេងៗ ដើម្បីពង្រឹងការសិក្សានុសិស្សនៅតាមសាលារៀន ។ ទោះជាបែបនេះក្តី មានត្រឹមតែប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលត្រូវទាមទាឱ្យអ្នកគ្រូ លោកគ្រូចូលរួម និងយកចិត្តទុកដាកល់បង្រៀនដោយផ្ទាល់ ផងដែរ។
សូមបញ្ជាក់ថា មានគណនីមួយឈ្មោះ Mann Mith ដែលត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀននៅសាលារៀនរដ្ឋមួយ បានសរសេរដោយមានការព្រួយបារម្ភថា ៖«ឆ្លងកាត់បទពិសោធន៏នការបង្រៀនថ្នាក់ទី៧ មួយឆ្នាំ(២០២២–២០២៣)ខ្ញុំសង្កេតឃើញថាគុណភាព នៃការអប់រំទាំងការសិក្សានិងសីលធម៌ធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ»។
លោកគ្រូម្នាក់នេះ សរសេរបន្តថា៖«សិស្សមួយចំនួនមិនអាច សរសេរ អាន អក្សរត្រឹមត្រូវ ឬ សូត្រមេលេខគ្រប់មេនៅឡើយ បើ ភាសាអង់គ្លេសវិញ កាន់តែពិបាកចំពោះសិស្សមកពី ជនបទ។ ដូច្នេះដើម្បីឲ្យការអប់រំប្រសើរឡើងវិញ ក្នុងនាមខ្ញុំជាគ្រូបង្រៀនមួយរូបសូមជូនយោបល់ខ្លះៗ ដូចតទៅ : ដើម្បីឲ្យការអប់រំមានគុណភាពត្រូវពឹងផ្អែកលើកត្តា ជាច្រើនដូចជា សង្គម សាលារៀន អាណាព្យាបាល និងសិស្សានុសិស្សខ្លួនឯងផ្ទាល់» ។
លោក គ្រូបន្ថែមថា៖«កត្តាសង្គម អជ្ញាធរត្រូវបិទទីកន្លែងណាដែលសិស្ស ជួបជុំគ្នាប្រព្រឹត្តអំពើមិនល្អ ហើយអាជីវករដែលលក់ដូរ ឬបើកអាជីវកម្មដែលធ្វើឲ្យខូចសីលធម៌និងសុខភាព របស់សិស្សគួរកុំបើកអី។ម្យ៉ាងទៀតអជ្ញាធរគួរឃ្លាំតាមមើលសិស្សដែលប្រមូលផ្ដុំគ្នានៅកន្លែងមិនល្អ និងជិះម៉ូតូលឿនៗ។ បើអាចបិទហ្គេមអនឡាញបានកាន់តល្អ!»៕