ជនសង្ស័យដែលក្លែងព្រះរាជសារ និមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ត្រូវបានឃុំខ្លួន

ភ្នំពេញ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា តំណាងអយ្យការបានបើកការស៊ើបសួរ ករណីជនក្លែងព្រះរាជសារបស់ហ្លួងម៉ែ រួចហើយ ពីបទ ឆបោក  បទក្លែងបន្លំឯកសារសាធារណៈ  និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង  តាមមាត្រា  ៣៧៧  មាត្រា ៣៧៨  មាត្រា  ៦២៩  និងមាត្រា  ៦៣០  នៃក្រមព្រហ្មទណ្ឌ ។

ក្រោយបើកការស៊ើបសួរ  ជនត្រូវចោទដែលមានឈ្មោះ ហាក់ ឧត្តម ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

កាលពីពេលថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។ តែត្រូវបានក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ ។

ក្រោយពេលទទួលបានលិខិតបដិសេធនេះ កម្លាំងអគ្គស្នងtការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។

ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ ហាក់ ឧត្តម បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន៕