ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។
សេចក្តីព្រាងច្បាប់ទំាងបីដែលស្នើឡើងដោយរាជរដ្ឋាភិបាលមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមឺរ៉ាតអារ៉ាប់រួម សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ក្រោយពីការពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធីលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្ម មាត្រាមួយចំនួន បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ខាងលើរួចហើយ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលភារកិច្ច ត្រូវធ្វេីរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕