ចិន៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា អង្ករម៉ាកសមូហភាព SKO ដែល ផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសម្រាប់វែង ចិន-អាស៊ាន លើកទី១ (Ist China-ASEAN Tact Quality Appraisal Activities of High-Quality Indica Rice Variety) ។
កម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម ខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងម្រាប់ពូជនៃតំបន់ស្វយ័ត Cuangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Scienice) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន១២ប្រភេទ មកពី ប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។
អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN HRA OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការ ប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពួជស្រូវរបស់ ប្រទេសផ្សេងទៀត។
សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបាន យ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ដែលជារោងម៉ាស៊ីនកិនស្រូវដែលបានផ្ដល់នូវវត្ថុសំណាកអង្ករសម្រាប់ជ្រើសរើសចូលរួមក្នុងការប្រកួត និង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CKCC (Cambodia) Co. Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួត បានទាន់ពេលវេលា។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ លោក តាំង សុខងន់, អគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងណាននឹង តំបន់ស្វយ័តជនជាតិទាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនដែលជួយចូលរួមទទួលនូវពានង្វាន់កិត្តិយសនេះ សម្រាប់វិស័យស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់ កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ថាពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា សែនក្រអូប ០១៕