ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្តែងការសោកស្តាយ និងស្នើកែតម្រូវ វីដេអូអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» របស់អ្នកនាង កន្និដ្ឋា តាមទំព័របណ្តាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ បទអត្ថាធិប្បាយនេះ បានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។
សេចក្តីថ្លែងការណ៍របស់សមាគមន៍ចេញផ្សាយនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ នេះ សង្កត់ថា បទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើ មិនបានជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំងបង្កចលាចលសង្គម ដោយធ្វើឱ្យប្រជាជនយល់ច្រលំ បង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។ បទអត្ថាធិប្បាយនេះ ក៏នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជនឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមស្វាគមន៍ និងរីករាយក្នុងការផ្តល់ទិន្នន័យអំពីវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ ជូនដល់កម្មវិធី The Kanitha Show ដើម្បីកម្មវិធីអាចបង្កើតមាតិកាចំណេះដឹងល្អជូនប្រជាជនកម្ពុជា។
សមាគមបានព្យាយាមទំនាក់ទំនងទៅកាន់កម្មវិធី The Kanitha Show តាមរយៈលេខទូរសព្ទ័ សារអេទ្បិចត្រូនិច សារចូលក្នុងផេករបស់កម្មវិធី ដើម្បីផ្តល់ព័ត៌មាន និងទិន្នន័យបន្ថែម ប៉ុន្តែមិនមានការឆ្លើយតប។ ការមិនឆ្លើយតបនេះបង្ហាញពីភាពមិនខ្វល់ ក្នុងការស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងអត្មានិយម ប្រើប្រាស់បណ្តាញសង្គមទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានឆន្ទៈក្នុងការជួយប្រជាជនកម្ពុជាពិតប្រាកដ៕