ចុងសប្ដាហ៍ សិក្សាបុរេប្រវត្តិសាស្រ្ដខ្មែរ ៖ ស្ថានីយព្រែកឆ្លូង/ស្ថានីយបន្ទាយគូនៃអរិយធម៌មេមត់/ឬស្ថានីយភូមិមូល

ភ្នំពេញ៖ ប្រវត្តិនៃការស្រាវជ្រាវស្ថានីយព្រែកឆ្លូង/ស្ថានីយភូមិមូលឬ ស្ថានីយបន្ទាយគូនៃអរិយធម៌មេមត់ កើតឡើងដោយភាពចៃដន្យក្នុងការឈូសឆាយវាតដី ដើម្បីដាំដុះកៅស៊ូ របស់ក្រុមហ៊ុនចម្ការកៅស៊ូបារាំងក្នុងសម័យអាណានិគម។ គេក៏បានជួបប្រទះឃើញនូវសំណង់ដីរាងមូលជាច្រើន មានឧបករណ៍សម្ភារដែលមនុស្សប្រើជាច្រើនធ្វើអំពីថ្មរំលីង និងកុលាលភាជន៍។

នៅឆ្នាំ១៩៣០ ក្នុងព្រឹត្តិប័ត្របោះពុម្ពដោយសាលាបារាំងចុងបូព៌ា(Ecole Française d’Extrême-Orient) បានអធិប្បាយដោយលោក ឡូសុន(Losson) អំពីការធ្វើកំណាយដោយខ្វះបច្ចេកទ្ទេស និងដោយលោក អាដ្រៀន ទ័រ(Adrien Torre)។ បន្ទាប់មកស្ថានីយនេះ ត្រូវបានធ្វើការសិក្សាជាបន្តបន្ទាប់ទៀតដោយជនជាតិបារាំង ដែលមានដូចជា លោក ល្វី ម៉ាល់ឡឺរេ(Louis Malleret) ដែលបានធ្វើការស្រាវជ្រាវនៅក្នុងឆ្នាំ១៩៥៩ និងលោក ហ្គ្រូសលីយេ(Groslier) បានធ្វើការរុករកនៅក្នុងឆ្នាំ១៩៦២។ ពួកបារាំងបានឱ្យឈ្មោះសំណង់ដីនោះតាមរូបសាស្រ្ដផ្ទាល់ថាVillage du rond(មានន័យក្នុងភាសាខ្មែរថា ភូមិមូល)។

លោកសាស្រ្ដាចារ្យ ត្រឹងា បានបកប្រែថាស្ថានីយព្រែកឆ្លូង ដោយសំអាងលើឯកសារបាំរាំងនោះ ថាស្ថានីយទាំងនោះនៅតំបន់ព្រែកឆ្លូង។ លោក គាត ឈន់ ជាឥស្សរជនខ្មែរ មានកំណើតក្នុងស្រុកឆ្លូងក្នុងខេត្តក្រចេះ បានមានប្រសាសន៍ថា លោកមិនដែលបានស្គាល់ទីតាំងស្ថានីយបុរេប្រវត្តិសាស្រ្ដដ៏មានសារៈសំខាន់នោះទេ។ រហូតដល់ឆ្នាំ១៩៩៦ ក្រុមស្រាវជ្រាវអាឡឺម៉ង់ កាលនៅខ្ញុំ ធុយ ចាន់ធួន និងមិត្តភក្ដិមួយចំនួនទៀតបានចុះសិក្សាស្រាវជ្រាវនៅតំបន់ជប់ ក្រែក មេមត់ ពេលនោះខ្ញុំបាននាំមុខក្នុងការរុករកស្ថានីយទាំងនោះ ដែលអ្នកស្រុកហៅថា «បន្ទាយគូ» ចាប់ពីពេលនោះមកខ្ញុំសម្រេចដាក់ឈ្មោះស្ថានីយ «បន្ទាយគូ»។

ការស្រាវជ្រាវទៅលើស្ថានីយបន្ទាយគូ ត្រូវបានផ្អាកដោយសារសង្គ្រាមក្នុងស្រុក និងបន្ទាប់ពីការស្រាវជ្រាវនៅក្នុងសម័យអាណានិគមបារាំង មានការស្រាវជ្រាវជាថ្មីជាបន្តបន្ទាប់ចាប់តាំពីពាក់កណ្តាល ឆ្នាំ១៩៩៦មក។

តើស្ថានីយបន្ទាយគូជាអ្វី?

«បន្ទាយគូ» ពាក្យនេះត្រូវបានអ្នកស្រុកនៅតំបន់ដីក្រហម ភាគខាងកើតទន្លេ មេគង្គបានស្គាល់ និងនិទានតៗគ្នារៀងរហូតមក។ អ្នកខ្លះហៅថា «បន្ទាយគូ» អ្នកខ្លះហៅ ថា «គូ ឬបន្ទាយបរមបុរាណ»។ «បន្ទាយគូ គូ ឬបន្ទាយបរមបុរាណ» នេះត្រូវបានធ្វើការស្រាវជ្រាវជាលើកទីមួយ តាមរយៈរបាយការណ៍របស់ក្រុមហ៊ុនចម្ការកៅស៊ូបារាំង ក្នុងសម័យអាណានិគមបានឱ្យដឹងថា នៅពេលឈូសឆាយដីដើម្បីដាំដុះកៅស៊ូ គេក៏បានជួបប្រទះសំណង់ដីរាងមូល មានកំពែងព័ទ្ធជុំវិញ មានគូរាងរង្វង់ខាងក្នុងបន្ទាប់ពីកំពែងមានច្រក ចេញចូល និងមានបរិវេណខាងក្នុងជាកន្លែងរស់នៅ ។ នៅពេលនោះហើយដែលអ្នកស្រាវជ្រាវបារាំង បានឱ្យឈ្មោះទីកន្លែងនោះថា«Village Rond»។ អ្នកស្រាវជ្រាវ អ្នកនិពន្ធ និងអ្នកអានមួយចំនួន ដោយមិនបានទៅសិក្សានិងឃើញស្ថានីយទាំងនោះផ្ទាល់ ក៏បានបកប្រែបន្តពីអត្ថបទបារាំងថា«ភូមិមូល» ទៅវិញ។ សៀវភៅប្រវត្តិសាស្ត្រខ្មែរ សម្រាប់មធ្យមសិក្សា និងឧត្តមសិក្សារបស់លោក ត្រឹង ងា ឆ្នាំ១៩៧៣ ដែលបោះពុម្ពផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងទំព័រ២៤ បានអធិប្បាយពីស្ថានីយព្រែកឆ្លូង មិនមែនលោក ហ្គ្រូសលីយេ(Groslier) ជាអ្នកថតរូប ពីលើអាកាសឡើយ លោក ល្វី ម៉ាល់ឡឺរេ (Louis Malleret) ជាអ្នកថតរូបស្ថានីយទាំងនោះ នៅឆ្នាំ១៩៥៩។

លោក ហ្គ្រូសលីយេ(Groslier) កំណាយក្នុងឆ្នាំ ១៩៦២ ហើយយកវត្ថុ សិល្បៈទាំងនោះរក្សានៅអភិរក្សអង្គរសៀមរាប និងនៅសារៈមន្ទីរហ្គីមេ នៅក្រុងប៉ារីស ប្រទេស បារាំងខ្លះ។ ក៏ប៉ុន្តែនេះជាកំណត់ហេតុមួយដែលបានអះអាង អំពីស្ថានីយព្រែកឆ្លូង ជាការពិត នោះវាមិនមានឈ្មោះស្ថានីយព្រែកឆ្លូងទេ។ តាមការស្រាវជ្រាវរបស់អ្នកនិពន្ធ ស្ថានីយព្រែកឆ្លូងនោះ គឺជាស្ថានីយបន្ទាយគូ។ នៅភាគខាងត្បូងនៃប្រទេសវៀតណាមវិញ គេបានហៅស្ថានីយទាំងនេះថាៈ ហិនចង (ដែលមានន័យថា បន្ទាយមានមនុស្សរស់នៅ)។ ស្ថានីយបុរាណវិទ្យាទាំងនេះត្រូវបានកត់សម្គាល់ ដោយមានសំណល់បុរាណវិទ្យាដូចជា បំណែកកុលាលភាជន៍ ឧបករណ៍ប្រើប្រាស់ធ្វើអំពីថ្មមានដូចជា ពូថៅ និងថ្មសំលៀង ជាច្រើន នៅរាយប៉ាយក្នុងបរិវេណផ្ទៃលើ និងនៅកប់ក្នុងដីរហូតដល់បច្ចុប្បន្ន។ យោងទៅលើ ឧបករណ៍សម្ភារៈ ដែលបានបន្សល់ទុកនៅលើស្ថានីយ បានធ្វើឱ្យអ្នកស្រាវជ្រាវដំបូងៗ យល់ថា ស្ថានីយនេះស្ថិតនៅក្នុងយុគថ្មរំលីង។

ស្ថានីយព្រែកឆ្លូង / ស្ថានីយភូមិមូលឬ ស្ថានីយបន្ទាយគូនៃអរិយធម៌មេមត់ទាំងនេះខ្ញុំបានរកឃើញសរុប៦២ស្ថានីយ ក្នុងនោះ៣៦ទីតាំងស្ថានីយនៅកម្ពុជា និង២៦ទីតាំងស្ថានីយនៅវៀតណាម។ ស្ថានីយទាំងនេះមានអាយុប្រមាណកំឡុង២០០០ឆ្នាំមុនគ្រិស្ដសករាជ ជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិខ្មែរយើងចុះមករស់នៅត្រង់វាលទំនាប នៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធម៌ឥណ្ឌា៕
ស្រាវជ្រាវ និងរៀបរៀងដោយ សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា អនុប្រធានសមាគមអ្នកប្រវត្តិសាស្រ្ដកម្ពុជា និង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ៕