លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ គ្រប់មេដឹកនាំកំពូល មិនដែលភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រប់មេដឹកនាំកំពូល(ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី ២០តុលា ២០២៣ ក្រោយពីលោក បាន អមដំណើរអស់រយៈពេល២ខែ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ចូលរួមជំនួបកំពូលទ្វេភាគីឬពហុភាគីជាច្រើននៅក្នុងតំបន់អាស៊ី។

លោក ចាត់ទុកថា «ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តង នូវ ការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ».«៕

លោកសង្កត់ធ្ងន់ទៀតថា៖​«ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា«រដ្ឋបុរស»ប្រកែកមិនបានរបស់ សម្តេចតេជោ ដែលថ្នាក់ ដឹកនាំតំបន់អាស៊ីទទួលស្គាល់ជាឯកច្ឆ័ន»។

លោកបន្ថែមថា៖«ទាំងនេះក៏ជាសម្ពាធមួយដែរមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត…សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានោលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ«វប្បធម៌លទ្ធផល»(ដឹកនាំរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេសអង្គការតំបន់អាស៊ាន»៕