សូមបន្តប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃ២០-២៣ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដី ជូនដំណឹងអំពី អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ នឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។

លើសពីនេះទៀត ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ ប្រការនេះបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រដបណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។

ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅតំបន់មួយចំនួនខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពបែបនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងបាន៕