រដ្ឋ និងឯកជនចុះ MOU ជំរុញវិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង សមាគមអ្នកផលិតចំណីអាហារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់កម្រិតបច្ចេកទេស ដើម្បីជួយគាំទ្រគ្នាទៅវិញទៅក្នុងវិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម។

ពិធីចុះហត្ថលេខាលើអនុស្សារណៈខាងលើនេះធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមជាសាក្សីក្រោមអធិបតីភាព លោក ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

អនុស្សរណៈនៃការយោគយល់គ្នាកម្រិតបច្ចេកទេសនេះ គឺជាជំហានមួយឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ភាពស៊ីសង្វាក់គ្នា និងការជួយគាំទ្រដល់វិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងឧស្សាហកម្មចំណីអាហារនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកកំណើន និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅក្នុងប្រទេសឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់ ទន្ទឹមនឹងនេះ ទទួលស្គាល់នូវសក្តានុពលដ៏ធំនៃវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា៕