ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌទី១ លេខ ៤១៥០.ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដែលមានឈ្មោះ គង់ យ៉ាងធី ប្តឹងពីឈ្មោះ សេក ម៉ាលី ឈ្មោះ សេក ចរិយា ឈ្មោះ ឈាង សុគុណ ឈ្មោះ វ៉ាន់ ស្រីពៅ និងបក្ខពួក ពីបទ««បរិហារបង្កាត់កេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង»។
តាមសេចក្ដី ប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមកថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមអំពីបញ្ហាពាក់ព័ន្ធដឹងឈ្មោះ សេក ម៉ាលី បានលើកឡើងពីករណីបណ្តឹងរបស់ឈ្មោះ គង់ យ៉ាងធី បានប្តឹងផ្តល់ខ្លួននៅសាលាដំបូងរាជធានី ភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។
កាលពីដើមខែសីហា ឆ្នាំ២០២៣ តំណាងអយ្យការ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌចំនួន ២ រឿងរួមមាន៖ ទី១.សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៥០ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដែលមានឈ្មោះ គង់ យ៉ាងធី ប្តឹងពីឈ្មោះ សេក ម៉ាលី ឈ្មោះ សេក ចរិយា ឈ្មោះ ឈាង សុគុណ ឈ្មោះ វ៉ាន់ ស្រីពៅ និងបក្ខពួក ពីបទ «ប្តឹងបរិហារបង្កាត់កេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង» និងទី២.សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៦៨ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដែលមានឈ្មោះ គង់ យ៉ាងធី ប្តឹងពីឈ្មោះ សេក ម៉ាលី ឈ្មោះ សេក ចរិយា និងឈ្មោះ ឈាង សុគុណ ពីបទ៖ រំលោភលើទំនុកចិត្ត និងរួមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ហើយឈ្មោះ សេក ម៉ា បានប្តឹងតបវិញលើឈ្មោះ គង់ យ៉ាងធី និងបក្ខពួក ពីបទ «ប្តឹងបរិហារបង្អាប់កេរ្តិ៍ និងក្លែងបន្លំឯកសារសាធារណៈ»។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រោយពីបានពិនិត្យ និងស៊ើបអង្កេតលើសំណុំរឿងខាងលើ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌទី១ លេខ ៤១៥០. ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ រួចរាល់ហើយកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជូនចៅក្រមស៊ើបសួរចាត់ការបន្តនីតិវិធីតាមច្បាប់ជាធរមាន ។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ដោយឡែកសំណុំរឿង ព្រហ្មទណ្ឌទី២ លេខ ៤១៦៨ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ តំណាងអយ្យការបាននឹងកំពុងចាត់ការលើ សំណុំរឿងនេះ ដោយយកចិត្តទុកដាក់ និងបានធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីស្តាប់ចម្លើយនៅ ក្នុងខែតុលា ឆ្នាំ២០២៣ នេះ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមនីតិវិធីច្បាប់៕