កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ

ហាណូយ៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង លោក បម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងឱកាសដែល លោក វង្ស ពិសេន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនោះ លោក វង្ស ពិសេន បានជម្រាបជូនពីស្ថានភាពមួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាព សណ្តាប់ធ្នាប់ល្អ ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់ ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។

លោក ក៏បានគូសបញ្ជាក់ពីគោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជានៅវៀតណាម គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ ក្នុងនាមជាបងប្អូនភូមិផងរបងជាមួយគ្នា រួមសុខរួមទុក្ខនៅគ្រប់ដំណាក់កាល ហើយជឿជាក់ថា តាមរយៈការជួបពិភាក្សាគ្នាពេលនេះ នឹងបន្តជំរុញលើកកម្ពស់ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត រួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។

ក្នុងទិសដៅខាងមុខលោកបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ ក្នុងនោះ បន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិត ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលភារកិច្ចកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន តាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោក បម្រុង ង្វៀន តឹងគឿង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកអគ្គមេបញ្ជាការ ដោយបានវាយតម្លៃជំនួបក្នុងពេលនោះថា ជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រពៃណី មានកិច្ចសហប្រតិបត្តិការស្អិតរមួត ក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ។

លោកង្វៀន តឹងគឿង បានគូសបញ្ជាក់ពីស្ថានភាពពិភពលោក និងតំបន់ដែលបន្តវិវត្តន៍ និងស្មុគស្មាញ ទាមទារឲ្យប្រទេសទាំងពីរប្តេជ្ញាចិត្តជំរុញសកម្មភាព ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរឲ្យកាន់តែរឹងមាំ ស្របតាមចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលវៀតណាម-កម្ពុជាឆ្នាំ២០២៣។

លោកអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញាថានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ដោយហេតុនេះ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធាគឺជាកត្តាចាំបាច់ ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាកិច្ចសហប្រតិបត្តិការពហុភាគី៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ផងដែរ ដែលកន្លងមកធ្លាប់បានធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសឡាវដោយជោគជ័យ ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នឹងមានការរៀបចំជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ- វៀតណាម នៅតំបន់ត្រីកោណមរកត និងធ្វើលំហាត់សុខាភិបាលរួមគ្នានៅប្រទេសវៀតណាមផងដែរ៕