ភ្នំពេញ ៖ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) បានបញ្ជាក់ប្រាប់ សម្ដេច ហ៊ុន ម៉ាណែត ថា ទិសដៅអនាគត ក្រុមហ៊ុនមានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ ទី១មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, ទី១គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង ទី៣គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង ជៀនភីង បាន ជម្រាបប្រាប់ សម្តេច អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារ។
លោកបន្តថា «ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ (i) មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, (ii) គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង (iii) គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ»។
ជាការឆ្លើយតប សម្តេច ក៏បានសម្ដែងនូវការ ថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។
ជាមួយគ្នានោះ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស, សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ទៅលើគោលដៅចំនួនពីរ គឺ ទី១,ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និង ទី២,ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ៕