សន្និសិទសកលលើកទី៣នេះ គឺជាវេទិកាកម្រិតសកលសម្រាប់សហគមន៍ និងជនដែលទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ហើយលទ្ធផលដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជាធាតុចូលសំខាន់សម្រាប់ផែនការសម្មភាពនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងទីក្រុងសៀមរាប នៅឆ្នាំ២០២៤ ខាងមុខ ដែលមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ។
កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យជាទីកត់សម្គាល់ក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជាមានសមត្ថភាពគ្រប់គ្រានក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភាពលោក។ កម្ពុជាមានមោទនភាពក្នុងការចូលរួមជាតធាតុចូលសម្រាប់ផែនការសកម្មភាពអនុសញ្ញា និងប្តេជ្ញាអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពដែលកំណត់ដោយអនុសញ្ញា។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា ជាពិសេសគឺការកៀរគរប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។