គ.ជ.ប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោត ជូនដល់ភាគីពាក់ព័ន្ធ

កំពត៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការ បោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធ ក្នុងស្រុកឈូក ខេត្តកំពត ។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប  នាឱកាសចូលរួមវគ្គខាងលើនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានប្រសាសន៍ថា ការរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការ បោះឆ្នោតនេះឡើង  គឺក្នុងគោលបំណងទី១៖ គឺអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធដែលជាក្រុមគោលដៅ ទី២៖ ប្រមូលធាតុចូលសំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធ និងសិក្សាអំពីបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទី៣៖ ដើម្បីធ្វើនវានុវត្តន៍លើកម្មវិធី និងប្រធានបទនៃវគ្គ ទី៤៖ បំផុសឱ្យមានការផ្សព្វផ្សាយបន្តដល់សាធារណជន ដែលមិនបានចូលរួម  និងទី៥៖ ផ្សព្វផ្សាយប្រភព ព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហ ទំព័រ,App,បណ្តាញសង្គម)។

នៅក្នុងវគ្គនេះ លោក ម៉ុក ដារ៉ា បានបង្ហាញអំពីសារៈសំខាន់នៃការបោះឆ្នោតជាច្រើនទៅកាន់ភាគីពាក់ព័ន្ធជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។       លោកក៏បានបញ្ជាក់ផងដែរថា ការបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន  ដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ  ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នេះ នឹងត្រូវបិទបញ្ចប់  នៅវេលាម៉ោង ៥ៈ៣០នាទី ល្ងាច ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣នេះហើយ។

ផ្អែកតាម លទ្ធផលបណ្ដោះអាសន្នថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧.៨៧៩ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៥២២ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.២៥០ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៧៧១ នាក់

ដោយឡែក លទ្ធផលសរុបរយៈពេល ១៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២០៨.០៦៧ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ​១០៨.២១៦ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៦.៥២៣ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៩.៩២៥ នាក់។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ​នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់​​នៅ ឬស្នាក់នៅ៕