លោក​ ជីវ​ កេង​ ចូលកាន់តំណែងជាប្រធានតុលាការកំពូលជាផ្លូវការនៅថ្ងៃនេះ

ភ្នំពេញ៖​ នៅថ្ងៃទី១២​ តុលានេះ​ លោក​ ជីវ​ កេង​ ចូលកាន់តំណែងជាប្រធានតុលាការកំពូលជាផ្លូវការហេីយ។ ពិធីប្រកាសចូលកាន់តំណែងនេះធ្វេីឡេីងក្រោមវត្តមានលោក​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍។

ជាការគត់សម្គាល់ក្នុងពិធីចូលកាន់តំណែងនេះមានការចូលរួមអបអរសាទរពីសំណាក់​ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រះសីហនុ ត្បូងឃុំ និងបាត់ដំបង, ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស, ប្រធានគណៈមេធាវីកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។

សូមជម្រាបថា​ មុនទទួលបានតំណែងនេះ លោក ជីវ កេង បម្រើការងារជាអនុប្រធានតុលាការកំពូល តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ លោក ជីវ កេង ក៏ធ្លាប់ធ្វើប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីឆ្នាំ២០០៥ ដល់២០១៤ដែរ។ បើនិយាយពីវិស័យច្បាប់នេះវិញ លោក ជីវ កេង បានប្រកបការងារផ្លូវច្បាប់នេះ តាំងពីអំឡុងទសវត្សរ៍៨០មក។

លោក ជីវ កេង ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៣៩ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕