សម្តេច ហ៊ុន ម៉ាណែត ៖ ពលរដ្ឋប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ-ក្នុងប្រព័ន្ធ ត្រូវបានយកចិត្តទុកដាក់ ជាអាទិភាពគ្រប់ៗគ្នា ពីរដ្ឋាភិបាល

ភ្នំពេញ ៖ ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឬក្នុងប្រព័ន្ធ គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នា ពីរាជរដ្ឋាភិបាល។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចបានថ្លែងថា«ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល»។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។

លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។

សម្ដេចបន្ថែមថា ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធមួយចំនួនជាដើមផងដែរ៕