លោកអូនព័ន្ធ មុនីរ័ត្ន ជឿជាក់ថា ការអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨»ប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានជំនឿជឿជាក់យ៉ាងមុតនាំថា ការអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅ រួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមាន ភាពរស់រវើក ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨»នេះ ក្រសួងបាន ចាយពេលអស់ប្រមាណមួយឆ្នាំ ដើម្បីរៀបចំបានចប់សព្វគ្រប់, ពេញលេញ និង គ្រប់ជ្រុង- ជ្រោយ រហូតត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃនេះ, គឺជាសមិទ្ធផលមួយដ៏មាន សារៈសំខាន់ គួរជាទីមោទនៈ សម្រាប់ជាមគ្គុទេសក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» ឬ «FinTech» ជាភាសាអង់គ្លេស, សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

លោកបន្តថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅ រួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមាន ភាពរស់រវើក»។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ, មុតស្រួច និងទាន់ពេល បានជំរុញឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការមកដល់នៃជំងឺកូវីដ-១៩៕