ភ្នំពេញ ៖នៅថ្ងៃស្អែកនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។
ទិវាគ្រូបង្រៀងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំយុវជននិងកីឡា សហការជាមួយស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំកម្មវិធីនេះ ដោយមានការផ្លាស់ប្ដូរនូវប្រធានបទ ជារៀងរាល់ឆ្នាំ។
សូមរំលឹកថា កាលពីឆ្នាំ២០២២ ទិវាគ្រូបង្រៀន ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស និងឱ្យសាធារណជនទូទៅបានយល់ច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យនៃទិវានេះ។
ដោយពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សានានា ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី២៦ហើយ នៃការរៀបចំ ទិវាគ្រូបង្រៀននេះ៕