ភ្នំពេញ ៖ក្រសួងព័ត៌មាន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររួមគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍ និងប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួប រវាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះ បានផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងប្រទេសកម្ពុជានិង សហរដ្ឋអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មានអោយបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ។
ជាកិច្ចចាប់ផ្ដើមលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) បានសំដែងនូវការចូលរួមអបអរ សាទរដល់ លោក នេត្រ ភក្ត្រា ដែលត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ។
ជាការឆ្លើយតប លោកនេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់លោក ប៉ាទ្រិក ម័រហ្វី ដែលបានអញ្ជើញមកធ្វើការអបអរសាទរ សម្រាប់អាណត្តិការងារជារដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ។
ក្នុងឱកាសនោះភាគីទាំងពីរ បានបញ្ជាក់ពីជំហរ ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក អោយបានកាន់រលូននិងល្អប្រសើរទៅមុខជានិច្ចបន្ថែមទៀត ៕