កោះកុង៖ អាជ្ញាធរខេត្តកោះកុងកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៏នាវាទីមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេនចម៉ិន ឯ.ក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ក្នុងពិធីកាត់ខ្សែបូរនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកស្រី ម៉ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានសម្តែងរីករាយចំពោះការបើកដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផ កោះកុង ផត មេនចម៉ិន ឯ.ក នាឱកាសនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរ ទទួលបានសេចក្ដីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកស្រី អុី នារីនេត បន្ថែមថា នយោបាយឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន ដែលបាននាំមកនូវ ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំង មានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់ សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើងមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា កំពង់ផែថ្មីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬផលកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារ ជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏ សំខាន់ ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពរបស់ ប្រជាពល រដ្ឋ៕