ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរ” បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល ដើម្បី ឱ្យសាធារណជន ងាយស្រួលក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។
ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះមានការចូលរួមពីលោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមអធិបតី លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍ថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា “ធនាគារខួរក្បាល របស់ជាតិ” ដោយស្ថាប័ននេះ បានប្រមូលផ្ដុំនូវបញ្ញវន្ដជាច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ។
ជាមួយនេះ លោកបន្ដថា ក្នុងបេសកកម្មរយៈពេលជាង ២០ឆ្នាំមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវ និងស្វែងរកធាតុចូលយ៉ាងច្រើន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ។ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ជាមួយប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីភិច។
ទន្ទឹមនឹងនេះ លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញអំពីដំណើរការ នៃការរៀបចំវចនានុក្រមខ្មែរ ថា ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេល ៥ឆ្នាំ និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រ សេដ្ឋកិច្ច ជាដើម។
លោកបន្ថែមថា ក្រុមការងារ បានខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់ នៃពេលវេលា ក្នុងឯកសារសរសេរនានា និងទៅតាមវិស័យ នៃការប្រើប្រាស់ពាក្យ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានប្រមូលទិន្នន័យពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមក រួមទាំងពាក្យថ្មីៗទៀត មករក្សាទុកបញ្ចូលគ្នាសម្រាប់ជាឃ្លាំងរក្សាទុក ដែលអាចប្រើជាប្រយោជន៍ផ្សេងទៀត តាមតម្រូវការ។
លោកបន្ដថា វចនានុក្រមនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ហើយការបង្កើតជាទម្រង់ឌីជីថលបែបនេះ ធ្វើឱ្យចំណេញពេលវេលា ងាយស្រួលក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។ ពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះ មានចំនួនសរុប ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ មានចំនួន ៣១,០៧៣ពាក្យ។
អញ្ជើញប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ និង software ជាផ្លូវការនេះដែរ លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍កោតសរសើរដោយស្មោះស្ម័គ្រ ជាមួយមូលវិចារដ៏ខ្ពស់បំផុតចំពោះរាជបណ្ឌិត្យសភាកម្ពុជា និងជាដោយឡែកចំពោះក្រុមប្រឹក្សាជាតិខ្មែរ ជាពិសេស គណៈកម្មការរៀបចំវចនានុក្រមទាំង ៦៥នាក់ និងតួរអង្គពាក់ព័ន្ធដែលបានចូលរួមដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើឱ្យអក្សរសាស្ត្រជាតិខ្មែរមានតម្លៃជាប្រវត្តិសាស្ត្រ អាចបញ្ចេញជារូបរាងឡើងជាស្ថាពរ។
លោក បន្ដថា ជារួមភាសាក្នុងលោក តែងតែមានការវិវត្តន៍តាមត្រូវការ ដូចជា៖ ការរីកចម្រើនសង្គម សេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ដ្រផ្សេងៗទៀត ដូច្នេះការធ្វើបច្ចប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឱ្យអ្នកប្រើភាសា និងអក្សរសាស្ដ្រខ្មែរ មានសំណេរ អំណាន លើនិយមន័យគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្នុងយុគ្គសម័យ បដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ទាមទារឱ្យភាសាជាតិ មានការវិវត្តន៍ និងរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ឱ្យបានគ្រប់គ្រាន់ និងសបូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងប្រសិទ្ធភាព តាមតម្រូវការអ្នកប្រើប្រាស់។
លោកបន្ថែមថា ទោះបីយ៉ាងណាក្ដី ការវិវត្តន៍ និងការរីកចម្រើននេះ ត្រូវតែធ្វើឡើងដោយគោរពតាមក្បួនខ្នាត និងគោលការណ៍វិទ្យាត្រឹមត្រូវ។ លោក ថា ភាសា និងអក្សរសាស្ដ្រជាតិ គឺជាផ្នែកមួយនៃវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងជាតិ ដូច្នេះការរៀបចំ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ចាំបាច់ និងបន្ទាន់ ក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានភាពរឹងមាំ៕