សម្តេចម ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។

នាឱកាសនោះ សម្តេចសង្កតធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាង IFRC និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្នផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថាប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថាដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ និងមធ្យោបាយឆ្ពោះទៅមុខ ដូចជាការគូសផែនទីភាគីពាក់ព័ន្ធ និងការកសាងភាពជាដៃគូ ការផ្តល់អាទិភាពនៃតំបន់សហប្រតិបត្តិការ ការកៀរគរធនធាន និងផែនទីបង្ហាញផ្លូវនៃការអនុវត្ត។

សម្តេចលើកឡើងទៀតថា នៅពេលដែលតំបន់របស់យើងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដែលកំពុងកើនឡើង យើងត្រូវតែទទួលស្គាល់ថាវិធីសាស្រ្តបែបប្រពៃណីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាង IFRC និងលេខាធិការដ្ឋានអាស៊ាន មិនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ការប្រើប្រាស់កម្លាំងរួមរបស់យើង និងធានាបាននូវសុខុមាលភាព និងភាពធន់នៃសហគមន៍ចម្រុះក្នុងតំបន់។

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងលេខាធិការដ្ឋានអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២២ លើវិស័យការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ច្បាប់ស្តីពីគ្រោះមហន្តរាយ សុខភាពក្នុងគ្រាអាសន្ន ការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ បញ្ហាយេនឌ័រ យុវជន និងការប្រែប្រួលអាកាសធាតុ ជាដើម។ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈរួចមក មានការវាយតម្លៃថាសកម្មភាពមួយចំនួនត្រូវបានអនុវត្ត ប៉ុន្តែទាមទារការលើកកម្ពស់និងជំរុញបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែច្រើនលើការងារមនុស្សធម៌ ។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះពីនៅថ្ងៃទី២១និង២២កញ្ញាឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ក្រោយពីបានថ្លែងបទអន្តរាគមន៍បើកកិច្ចប្រជុំហើយ សម្តេច ឃួន សុដារី បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំបន្តជូនទៅប្រធានប្រតិភូកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើនេះ៕