កម្ពុជាស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគីដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេច ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេច បញ្ជាក់ថា  រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកស្រី កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងទៀត ថា បេសកកម្មការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ ការផ្លាស់ប្តូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន៨៤,៥៩%។

ជាមួយគ្នានេះ សម្តេច បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធាមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។

នាឱកាសនោះ លោកស្រី អ៊ុលគូ កូចាអេហ្វេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកស្រី ឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះ សម្តេច ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ជាពិសេសបានគំាទ្រដល់កិច្ចខិតខំរបស់សម្តេច ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្រ្តីនៅកម្ពុជាជារហូតមក។ លោកស្រី បានសង្កត់ធ្ងន់ថា ស្រ្តីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។

លោកស្រី អ៊ុលគូ កូចាអេហ្វេ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។

ប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប។

សម្តេច ឃួន សុដារី និង លោកស្រី អ៊ុលគូ កូចាអេហ្វេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង៕