ភ្នំពេញ៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្នើដល់ប្រទេសកាណាដា ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមដែលអាចជួយបាន ព្រមទាំងចូលរួមគាំទ្រកិច្ចនានា ពិសេសកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាពេលខាងមុខ ទាំងជំនួបទ្វេភាគី ពហុភាគី ដើម្បីផលប្រយោជន៍រួមលើឆាកអន្តរជាតិ តំបន់ និងប្រទេសទាំងពីរ។
ការស្នើរបស់លោក វង្ស ពិសេន ធ្វើឡើង ក្នុងពេលអនុញ្ញាត ឱ្យ លោក ផូល ផេន (Paul Payne) នាយការិយាល័យសេនាអនុព័ន្ធកាណាដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
ពាក់ព័ន្ធកិច្ចសហប្រត្តិការរវាងកម្ពុជា-កាណាដា លោក វង្ស ពិសេសន បញ្ជាក់ថា ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៥២ ហើយក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ កម្ពុជា-កាណាដា បានមានទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសក្នុងទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម។
លោកបន្ថែមថា លើវិស័យយោធា ក្នុងឆ្នាំ២០២២ នាវាកងទ័ពកាណាដាបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលធ្វើឲ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយទៅថ្ងៃខាងមុខ កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នា នៅក្នុងការផ្លាស់ប្ដូរព័ត៌មានចារកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ជាកិច្ចឆ្លើយតប លោក ផូល ផេន បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរបំពេញការងារជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកថានេះគឺជាឱកាសដ៏ល្អសម្រាប់ពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-កាណាដា)។
លោក បានបន្តថា កម្ពុជានិងកាណាដា ធ្លាប់មានទំនាក់ទំនងជាយូរមកហើយ ដូច្នេះកាណាដាបានបើកចំហក្នុងការធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ ដែលធ្វើឲ្យវិស័យយោធានៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត។
លោកប្រធានការិយាល័យសេនានុព័ន្ធកាណាដា ក៏បានធ្វើការកត់សម្គាល់ពីការរួមចំណែករបស់កងកម្លាំងថែរក្សាសន្តិភាពកម្ពុជា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយកាណាដានឹងអាចចែករំលែកខាងជំនាញឯកទេសកិច្ចការមនុស្សធម៌ និងគ្រោះអន្តរាយ ជាដើម៕