សម្តេច ហ៊ុន ម៉ាណែត៖ សូមចូលរួមវាយស្គរ និងទូងស្គរដើម្បីអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមធ្វើការវាយស្គរ ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ របស់ប្រទេសកម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្គូចុះបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងសារលិខិតចុះថ្ងៃទី១៧ កញ្ញានេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយ និងអធិកអធម។

សូមជម្រាបជូនថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕