សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការគ្រប់គ្រង និងអភិរក្សរមណីដ្ឋានប្រាសាទកោះកេរ ក្រោយយូណេស្គូចុះបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទន្ទឹមនឹងគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមពង្រឹងការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានមួយនេះ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ក្នុងសារលិខិតចុះថ្ងៃទី១៧ កញ្ញានេះ សម្តេច ហ៊ុន សែន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរដែនដីខេត្តព្រះវិហារ និងស្ថាប័នានា ទប់ស្កាត់រាល់ការទន្រ្ទានយកដីខុសច្បាប់ ការសាងសង់សំណង់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងជីកកកាយដោយខុសច្បាប់នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរនេះ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី វិធានការខាងលើនេះ គឺដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកររបស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។

សូមបញ្ជាក់ថា លោកស្រី ភឿង សកុណា ដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តព្រះវិហារ ចូលរួមសម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។
នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧៕