រៀនពីលុយ២.០

ភ្នំពេញ៖ “រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ខាងមុខនេះ តាមវិទ្យាល័យរដ្ឋចំនួន០៥ រៀបចំដោយ សភាយុវជន (Youth Assembly) ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

“រៀនពីលុយ” គឺជាគម្រោងដើម្បីសង្គម ដែលផ្ដោតសំខាន់ទៅលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនជូនដល់សាធារណជន ជាពិសេសយុវជន។ គម្រោងនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយយុវជនស្ម័គ្រចិត្តរបស់សភាយុវជន (Youth Assembly) ក្រោមការដឹកនាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្ដម ឌី វិជ្ជា ប្រធានសភាយុវជន។

ដោយទទួលបានជោគជ័យក្នុងដំណាក់កាលទី០១ នៅឆ្នាំ២០២២ របស់គម្រោង “រៀនពីលុយ” ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងចំណាយ ក៏ដូចជាយល់ដឹងជាមូលដ្ឋាននៃការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានសមស្រប។ ដូច្នេះហើយគម្រោងសភាយុវជន (Youth Assembly) បានបន្តនូវបេសកកម្មរបស់ខ្លួន រៀបចំនូវកម្មវិធីចែករំលែកចំណេះដឹងរបស់គម្រោង “រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ដល់សិស្សានុសិស្ស ដែលជាយុវជននៅក្នុងយុគវិទ្យាសម័យថ្មី តាមវិទ្យាល័យរដ្ឋចំនួន០៥ (ជុំទី០១) ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ពញាពន់, វិទ្យាល័យ សម្ដេច ហ៊ុន សែន ព្រែកកំពឹស វិទ្យាល័យព្រែកស្លែង វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងវិទ្យាល័យស្វាយរៀង។

“រៀនពីលុយ ២.០” នេះផងដែរ ក៏នឹងធ្វើការរំលែកចំណេះដឹងដូចជាការគ្រប់គ្រងចំណាយ ការរៀបចំផែនការហិរញ្ញវត្ថុ ការបង្កើនសុវត្ថិភាពសម្រាប់ការទូទាត់ប្រាក់តាមទូរស័ព្ទដៃ វិធានការពារពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការអនុវត្តធ្វើលំហាត់ត្រិះរិះពិចារណា ការងារជាក្រុម សំណួរ-ចម្លើយ ដែលអាចជួយពង្រឹងជំនាញដោះស្រាយបញ្ហា និងជំនាញធ្វើការជាក្រុមរបស់សិស្ស។

គួររំលឹកផងដែរថា “រៀនពីលុយ” ដំណាក់កាលទី០១ ឆ្នាំ២០២២ គឺបានរៀបចំកម្មវិធីបណ្ដុះបណ្ដាល រយៈពេល ០៦សប្តាហ៍ នៅអាគារ Kampus ដល់សិក្ខាកាមសរុបចំនួន ២៨នាក់ ដោយគ្រូឧទ្ទេស និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ ហើយក៏មានការចម្រាញ់ជម្រើសយកសិក្ខាកាមឆ្នើមៗ និងមានពេលវេលាគ្រប់គ្រាន់មួយចំនួន ចូលរួមក្នុងបេសកកម្មរួមជាមួយគម្រោងសភាយុវជន (Youth Assembly) ចុះបណ្ដុះបណ្ដាលទៅដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗបន្តបន្ថែមទៀត៕