ករណីក្មេងស្រីទំនើងនៃវិទ្យាល័យបាក់ទូកព្រួតវៃលើសិស្សសាលាដូចគ្នា ត្រូវបានកោះហៅអាណាព្យាបាលទាំងសងខាងមកធ្វើកិច្ចសន្យា

ភ្នំពេញ៖ ថ្នាក់ដឹនាំសាលាវិទ្យាល័យបាក់ទូក បានហៅភាគីអាណាព្យាបាលទាំងសងខាងករណីកុមារីជាសិស្សទំនើងនៃសាលាបាក់ទូក ប្រមាណជា ៤ ទៅ៥នាក់ ព្រួតគ្នាវាយធ្វើបាបលើសិស្សស្រីម្នាក់ដែលរៀននៅថ្នាក់ជាមួយគ្នាមកធ្វើកិច្ចសន្យារួចហើយនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ករណីនេះត្រូវបានបង្ហោះក្នុងបណ្តោញសង្គមយ៉ាងព្រោងព្រាត ដែលធ្វើឱ្យលេងបណ្តាញសង្គមរិះគន់លើទង្វើអសីលធម៌របស់ក្មេងស្រីទំនើងទាំងនោះ។

ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត  ប្រាប់ Khmer CM ថា ករណីនេះត្រូវបានសាលាហៅសិស្សជាជនរងគ្រោះ និងសិស្សដែលបង្ក និងឪពុកម្តាយទាំងសងខាង មកធ្វើកិច្ចសន្យា ហើយសាលាក៏បានបំបែកថ្នាក់ឱ្យពួកគេរៀនផ្សេងគ្នាវិញ។

លោកបន្ថែមថា ភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់បញ្ហាត្រឹមធ្វើកិច្ចសន្យាមិនឱ្យមានរឿងនេះម្តងទៀតនោះទេ ហើយប្រសិនមានរឿងនេះកើតឡើងម្តងទៀត ខាងសាលានឹងលុបឈ្មោះសិស្សជនបង្កនោះ។ សិស្សជនបង្កទាំងនោះបានស្ម័គ្រចិត្តខ្លួនឯងថានឹងផ្លាស់ទៅរៀននៅសាលាផ្សេងនៅឆ្នាំសិក្សាក្រោយ៕