ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច ប្រគល់តួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនលោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អមដោយអនុប្រធាន៣រូប អនុប្រធានប្រចាំការ១រូប និងសមាជិកជាច្រើនរូបទៀត។
សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានគូសបញ្ជាក់ពីជំហរសារជាថ្មីនិង យ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។
បើតាម សម្តេច ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូប ជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធ ក្នុងនោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម។ ប៉ុន្ដែសម្ដេចយល់ឃើញថា នៅពេលប្រជុំច្បាស់ណាស់ បណ្ដាក្រសួងពាក់ព័ន្ធអាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួម ដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបសម្ដេចសម្រេចកែសម្រួលតែម្ដង៕