សេដ្ឋីនី ទ្រី ដាណា សោកស្តាយចំពោះការជួយ លោក ប៊ុត សីហា ខ្ទង់ម៉ឺនដុល្លារ តែ មិនកែខ្លួន

ភ្នំពេញ៖ សេដ្ឋីនី ទ្រី ដាណា ម្ចាស់ហាងពេជ្យ និង លក់ផលិតផល បានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្រោយជួយ លោក ប៊ុត សីហា អ្នកចម្រៀង មកពីខេត្តកំពង់ស្ពឺ ខ្ទង់ម៉ឺនដុល្លារ តែ មិនព្រមកែខ្លួន។

ការម្តែងការសោកស្តាយនេះ ធ្វើឡើង បន្ទាប់ពីលោក ប៊ុន សីហា  ម្ចាស់ពាន The Voice Cambodia  ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាលើកទី ២ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ ។

សេដ្ឋីនី ទ្រី ដាណា នៅថ្ងៃទី ១៣ ខែកញ្ញានេះ សរសេរថា៖ «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ»។


លោកស្រី បន្តថា ៖«ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង»។

លោកស្រីបន្ថែមថា៖«សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ»៕