ភ្នំពេញ៖ ថ្មីៗនេះមានករណីអតីតជនល្មើសម្នាក់ គឺលោក ហុង សារ៉ុម ក្លាយជាមន្ត្រីនគរបាលជាតិ និងបានឡើងតំណែងជាមេប៉ុស្តិ៍នៅឃុំសំព្រោជ នៃ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ។ លោក ហុង សារ៉ុម ត្រូវបានដកតំណែងឱ្យមកជាមន្រ្តីដោយសារជននេះល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ។នេះ បើតាមសេចក្តីសម្រេចរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។
ជុំវិញករណីខាងលើនេះ លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន “ខ្មែរឈានមុខ” ឬ “Khmer CM” នឹងធ្វើអត្ថាធិប្បាយផ្នែកច្បាប់ ថា តើគាត់ធ្លាប់បានប្រព្រឹត្តបទល្មើសចូលប្លន់ទូមាសគេនៅខេត្តកំពង់ធំ ក៏ជាខេត្តដែលគាត់ឡើងកាន់តំណែងផងដែរនោះ ស្របតាមច្បាប់ដែរឬទេ?
មុននឹងធ្វើអត្ថាធិប្បាយស៊ីជម្រៅ យើងមកដឹងអំពីលក្ខខណ្ឌនៃការចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធជាមួយគ្នា។
នៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៣ ត្រង់ជំពូកទីពីរស្តីពីការជ្រើសរើសឲ្យចូលធ្វើការ មាត្រា ១១ចំណុចទី៤បានចែងថា មិនត្រូវមានទោសឧក្រិដ្ឋឬមជ្ឈិម ពីរឿងប៉ះពាល់ទំនៀមទម្លាប់ កិត្តិយស និងសុចរិតភាព។
ហើយចំពោះប្រកាសលេខ៣៨០០ ស្តីពីលក្ខខណ្ឌជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ត្រង់ប្រការ៣ បានចែងអំពីលក្ខខណ្ឌ ដោយឡែកនៃការប្រឡងជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់និងការិយាល័យជំនាញស្នងការនគរបាលរាជធានីខេត្ត ត្រូវកំណត់ថាមានជីវប្រវត្តិច្បាស់លាស់និងមិនបានប្រព្រឹត្តបទល្មើសនានា។
ដូច្នេះយោងទៅតាមលក្ខខណ្ឌនៃការប្រកាសជ្រើសរើសឱ្យចូលធ្វើជាមន្ត្រីរាជការស៊ីវិលក៏ដោយ ធ្វើជាកងកម្លាំងនគរបាលជាតិក៏ដោយ គឺពួកគាត់គាត់មិនធ្លាប់បានប្រព្រឹត្តបទល្មើសនានា ឬក៏មានទោសពីបទមជ្ឈិម ឬក៏បទឧក្រិដ្ឋ។
ដូច្នេះលក្ខខណ្ឌរបស់គាត់ គឺមិនអាចក្លាយទៅជា មេប៉ុស្តិ៍បានទេ។ ហើយក៏មិនអាចសូម្បីតែក្លាយជាមន្ត្រីក្របខ័ណ្ឌរាជការផងដែរ កុំថាឡើយដល់ទៅមានឋានៈ តួនាទី។
អ៊ីចឹងយើងសួរត្រឡប់មកវិញថា តើបើសិនជាគាត់អត់មានលក្ខខណ្ឌដើម្បីក្លាយជានគរបាលជាតិផង តើធ្វើម៉េចទើបគាត់អាចក្លាយជានគរបាលជាតិ។ អ៊ីចឹងតើអ្នកណាជាអ្នករើសរបស់គាត់? នៅអង្គភាពរបស់គាត់ ហើយដំឡើងតួនាទីគាត់ទៀត។
អ៊ីចឹងយើងគិតថាការបញ្ចប់តួនាទីការបញ្ចប់ការដកហូតតួនាទីរបស់គាត់ដែលជានគរបាលជាតិ ឬក៏មិនទាន់ចប់សព្វគ្រប់ទេយើងគួរតែស្រាវជ្រាវរកមុខគណៈកម្មការបានជ្រើសរើសឲ្យគាត់ក្លាយជាមន្ត្រីនគរបាលជាតិផង និងដំឡើងឋានៈតួនាទីគាត់ក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានឋានៈស្មើនឹងមេប៉ុស្តិ៍ផង។ ពុំនោះទេតម្លៃគុណតម្លៃនៃនគរបាលជាតិវាលែងសូវមានឥទ្ធិពលចំពោះប្រជាពលរដ្ឋនិងចំពោះ មុខងារសាធារណៈជនហើយ៕