ភ្នំពេញ៖ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងនូវទស្សនៈផ្ទាល់ខ្លួនដែលលោក បានកត់សម្គាល់ ៥ចំណុច ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
ខាងក្រោមនេះ ជាទស្សនៈទាំង៥ ចំណុច របស់លោក យង់ ពៅ៖
១). «ធម្មានុរូប នៃរាជរដ្ឋាភិបាលកម្ពុជា» កន្លងទៅមានទស្សនៈនយោបាយខ្លះតែងវាយតម្លៃក្នុងផ្នត់គំនិត បង្កើតសម្មតិកម្មទុកជាមុនសម្រាប់របៀបវារៈនយោបាយប្រឆាំង ស្តីពីដំណើរការបោះឆ្នោត (២៣កក្កដា ២០២៣)និងភាពស្របច្បាប់នានា។ ផ្ទុយទៅវិញ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លើកនេះ បានបញ្ជាក់ដោយគ្មានភាពស្រពេចស្រពិលចំពោះមតិសាធារណជាតិនិងអន្តរជាតិ។
២). «សមត្ថភាពពិតប្រាកដនៃនាយរដ្ឋមន្ត្រី» ក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅទីក្រុងហ្សាការតា នាយករដ្ឋមន្ត្រីកម្ពុជាមានកិច្ចពិភាក្សាផ្លូវការ ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ៣២លើក ជំនួបប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិជាង២០រូប ដែលរាល់ជំនួបទាំងនេះ សុទ្ធតែបានប្រើប្រាស់បញ្ញាស្មារតី ទាញយកប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។
៣). «តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងអន្តរជាតិ» ក្នុងដំណាក់កាលរាជាណាចក្រទី២នៃកម្ពុជា ដែលបានបន្តមរតកតាំងពីសម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញពីតួនាទីសំខាន់របស់កម្ពុជា រួមចំណែកជាច្រើន (ជាគន្លឹះ ជាសេណារីយ៉ូ ជាអភិក្រម…) លើដំណោះស្រាយក្នុងជម្លោះនយោបាយ ជម្លោះការទូត រួមនឹងជម្លោះប្រដាប់អាវុធក្តី។
៤). «ផលប្រយោជន៍ការទូតសេដ្ឋកិច្ច» រាល់ការចូលរួមកិច្ចពិភាក្សាផ្លូវការ និងកិច្ចសន្ទនាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីទាំងអស់ សុទ្ធតែបានបន្ថែមពិន្ទុលើនយោបាយការទូត និងផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង។ និង
៥). «អភិក្រមសន្តិភាព» កម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ ដូច្នេះគុណតម្លៃនៃសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យកមកប្រើគ្រប់វេទិកាកិច្ចការអន្តរជាតិ វានឹងក្លាយទៅជាអភិក្រមដ៏សំខាន់មួយ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ននេះ។
ជារួមលោក មើលឃើញថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាជា «នាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និង លទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ»៕