ពោធិ៍សាត់៖ ក្រុមក្មេងទំនើងចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការស៊ើបអង្កេតចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី បង្កហឹង្សាមានស្ថានទម្ងន់ទោស កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យដាច់កដៃខាងឆ្វេង ដែលបានប្រព្រឹត្តិ នៅចំណុចផ្លូវ៦០ម៉ែត្រវាងក្រុង ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី ដោយពេលធ្វើសកម្មភាពរួចក្រុមជនបង្កបានគេចខ្លួនបាត់។
ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ស ថេង ស្នងការនគរបាលខេត្តខេត្តពោធិ៍សាត់ នឹងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញរបស់អធិការដ្ឋាន បានចុះធ្វើការស៊ើបសួរពីជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ។
លោក កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឲ្យដឹងថា ក្រោយកំណត់មុខសញ្ញាច្បាស់ការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣៦នាទី លោកបានដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ នៃអធិការដ្ឋានគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាបក្សពួកក្រុមជនបង្ក មានឈ្មោះ ឈន ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកមកដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជនសង្ស័យក៏បានសារភាព និងចង្អុលបង្ហាញអំពីក្រុមបក្សពួកជាជនបង្កដែលបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។
លោកអធិការបន្តថា លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី លោកបានដឹកនាំកម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះបង្រ្កាបនិងឃាត់ខ្លួនក្រុមជនបង្កបានចំនួន០៥នាក់បន្ថែមទៀត។
ទី១ឈ្មោះ រឹម ភារះ ហៅរ៉េ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី២ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ទី៣ ឈ្មោះ ញ៉ សុជាតិ ហៅធំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ទី៤ ឈ្មោះ ឌឹម សុផាន់ណាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
និងទី៥ ឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ព្រមទាំងដកហូតវត្ថុតាងប្រើប្រាស់ធ្វើសកម្មភាពរួមមាន កាំបិតផ្គាក់ដងឈើចំនួន០១ដើម និងម៉ូតូចំនួន០៣គ្រឿង បច្ចុប្បន្នជនសង្ស័យចំនួន០៦នាក់រួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី ៕