មន្ត្រី៖ ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

សៀមរាប៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោក ប៉ុន្តែបច្ចេកវិទ្យាឌីជីថលដែលជាផ្នែកមួយនៃទីក្រុងឆ្លាតវៃ កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ។

លោក យុន លីនណេ មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយ ភាគី JICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តសៀមរាប បន្ថែមទៀតថា នៅក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានលើកឡើងអំពីបច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃនេះផងដែរ ដូច្នេះ ការកសាងធនធានមនុស្ស គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវសម្រាប់ កសាងទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលការកសាងសមត្ថភាពនេះ ក៏រៀបចំប្រព័ន្ធ និងរចនសម្ព័ន្ធ របស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប គឺជាចំណុចដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវផែនទី បង្ហាញផ្លូវរបស់យើងផងដែរ។

លោកថ្លែងថា៖« ថ្វីត្បិតតែយើងបានរៀបចំនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តផ្ទាល់ក្នុងការអនុវត្ត និងសម្របសម្រួលការងារនានារួចហើយពិតមែន តែរចនាសម្ព័ន្ធ និងប្រព័ន្ធ ដើម្បីកសាងទំនាក់ទំនងរវាងរដ្ឋបាលខេត្តជាមួយឯកជន ជាមួយបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាមួយប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ នៅមិនទាន់បានរៀបចំនៅឡើយទេ »៕