រឿងរ៉ាវកុមារី ឆុង គន្ធា ជិះដុំស្នោរកាត់ទន្លេទៅសាលារៀនអង្រួនបេះដូងមហាជនអ្នកលេងបណ្តាញសង្គម

ភ្នំពេញ៖ វីដេអូស្តីពីជីវិតតស៊ូរបស់កុមារី ឆុង គន្ធា វ័យ៨ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប ជំនះឧបសគ្គជិះដុំស្នោរកាត់ទន្លេពីផ្ទះទៅសាលារៀនដែលមានចំងាយជិតមួយគីឡូម៉ែត្រ បានអង្រួនបេះដូងមហាជនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកចូលមើល និងចែករំលែករហូតប្រែក្លាយជីវិតតស៊ូរបស់ប្អូនស្រី និងក្រុមគ្រួសារមួយរំពេចតាមរយៈមានការចូលរួមឧបត្ថម្ភពីសប្បុរជនគ្រប់ស្រទាប់វណ្ណៈ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខរយៈពេលជាង១០នាទី និងបានបង្ហោះលើកផេកឈ្មោះ Bo Phaktra ដែលបានបង្ហោះកាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញដោយមានអ្នកចូលមើលនិងចែករំលែកយ៉ាងច្រើនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្អូនស្រីគន្ធា បាននិយាយដោយទឹកភ្នែករលីងរលោងរៀបរាប់ថា ដោយហេតុថាចង់សិក្សារៀនសូត្រប្អូនត្រូវជិះដុំស្នោរដែលមានសំបកទឹកសុទ្ធបោះចោលរួមនឹងបន្ទះស្នោរចាស់ៗ យកស្បៃចងធ្វើជាទូក ចម្លងប្អូនជិះទៅរៀនរៀងរាល់ថ្ងៃលើផ្ទៃទន្លេដ៏សែនល្វឹងល្វើយ។

ដុំស្នោរដែលធ្វើជាមធ្យោបាយដើម្បីទៅរៀននេះគឺឱពុកប្អូនស្រីជាអ្នកធ្វើឱ្យដោយយកដបទឹកសុទ្ធចាស់ៗ ដែលគេបោះចោល និងដុំស្នោរចាស់ៗចងភ្ជាប់ជាមួយគ្នាដើម្បីក្លាយជាដុំស្នោរសម្រាប់ឱ្យប្អូនស្រីអាចជិះទៅរៀនបាន។ នេះបើតាមការរៀបរាប់របស់ប្អូនស្រីគន្ធា។

និយាយបណ្តើរលាយឡំនឹងទឹកភ្នែកធ្លាក់មកលើថ្នាល់បណ្តើរ ប្អូនស្រីគន្ធាបាននិយាយទាំងអួលដើមក ថា ប្អូនស្រីធ្លាប់បានសុំមិត្តភក្តិដែលរៀននៅសាលាជាមួយប្អូនទៅរៀនដែរ ដែលពួកគេមានមធ្យោបាយធ្វើដំណើរទៅសាលារៀន ក៏ប៉ុន្តែពួកគេមិនបានឱ្យប្អូនបានជិះទូកទៅជាមួយនោះទេ។ ដោយហេតុថាស្រលាញ់ការសិក្សារៀនសូត្រ និងសង្ឃឹមថា ថ្ងៃអនាគតអាចជំនួសការងារឪពុកម្តាយនិងសម្រាលបន្ទុកក្នុងគ្រួសារ ប្អូនស្រីត្រូវជិះដុំស្នោរនេះទៅរៀនជារៀងរាល់ថ្ងៃ។

ដោយឡែកក្រឡេកមកមើលសម្លៀកបំពាក់សម្រាប់ទៅសិក្សារៀនសូត្រវិញ ប្អូនស្រីមានតែមួយកំប្លេតែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ប្អូនស្រីក្នុងកិច្ចសម្ភាសន៍ដដែលនេះ។

ក្រោយការបង្ហោះវីដេអូតាមរយៈម្ចាស់ផេកខាងលើនេះ មហាជនទូទៅគ្រប់ស្រទាប់វណ្ណះបានចូលមើលនឹងចែករំលែកវីដេអូនេះ លើបណ្តាញទំនាក់ទំនងសង្គមយ៉ាងព្រោងព្រោតដែលធ្វើឱ្យរឿងរ៉ាវស្តីពីជីវិតតស៊ូរបស់ប្អូនស្រីគន្ធា បានដឹងឭសុះសាយគ្រប់ស្រទាប់មហាជន ដោយអ្នកខ្លះបានផ្ញើជាថវិកាក៏ដូចជាចូលរួមឧបត្ថម្ភតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ធ្វើឱ្យកម្រិតជីវភាពគ្រួសាររបស់ប្អូនស្រីគន្ធា និងបំណងប្រាថ្នាប្អូនស្រីចង់បានទូកមួយសម្រាប់ធ្វើដំណើរទៅសាលារៀនបានសម្រេច។

តាមរយៈវីដេអូឃ្លីបស្តីពីជីវិតតស៊ូរបស់ប្អូនស្រីគន្ធនេះ គឺជាសារមួយដាស់តឿនទៅដល់ប្អូនៗសិស្សានុសិស្សដែលមានឱពុកម្តាយមានជីវភាពល្អប្រសើរ មានមធ្យោបាយធ្វើដំណើរល្អៗ រៀននៅសាលាល្អៗ ប៉ុន្តែមិនបានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ឬអ្នកខ្លះបានបោះបង់ការសិក្សាដោយសារតែឈ្លក់វង្វេងនូវអំពើឧបបាយមុខភ្លេចការសិក្សារៀនសូត្រ ឱ្យគិតគូរពិចារណាឡើងវិញ ខណៈដែលអ្នកខ្លះ ជាក់ស្តែងប្អូនស្រីគន្ធា ចង់សិក្សារៀនសូត្រ ប៉ុន្តែមិនមានថវិកា និងសម្ភារៈ ក៏ប៉ុន្តែមិនបានបោះបង់ចោលក្តីស្រមៃក្នុងការតស៊ូរៀនសូត្រនោះឡើយ៕