តំណាងអយ្យការ បញ្ជូនជនសង្ស័យពាក់ពន្ធ័នឹងករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប ទៅចៅក្រមស៊ើបសួរ ដោយចោទ ចំនួន ៧ បទល្មើស

ភ្នំពេញ៖ លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើជនសង្ស័យពាក់ពន្ធ័នឹងករណីរំដោះទណ្ឌិតនៅខេត្តសៀមរាបទាំងអស់ R បញ្ជូនទៅចៅក្រមស៊ើបសួរ ដោយចោទ ចំនួន ៧ បទល្មើស។

នៅថ្ងៃទី ២៩ ខែសីហា នេះ លោក ប្លង់ សុផល បញ្ជាក់ថាតំណាងអយ្យការ បានចោទពីបទ ១៖ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ,ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) ផ្តើម គំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ ,មាត្រា ៥៦៤, មាត្រា ២៨ ,មាត្រា ៤៩១ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោកបន្តថា មួយវិញទៀត តំណាងអយ្យការ បានចោទពីបទ ២៖ សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។ ៣៖ សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ, រក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការ ត្រួត ពិនិត្យគ្រឿងញៀន ។ ៤៖ សមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។

៥៖បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ , ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែង សាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ , មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។ ៦៖ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និង ៧៖ កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ។

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជូនជនសង្ស័យទាំង១១នាក់ ដែលជាក្រុមឧក្រិដ្ឋជន ដែលរំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប និងអ្នកទោសដែលជាមេក្លោងជួញដូរគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា មេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំងច្បាស់លាស់សម្រុកចូលខ្លួនរំដោះ នៅគ្លីនិកធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញ សរុបចំនួន១១នាក់។

លោក ម៉ក់ ជីតូ ស្នងការរងនគរបាលជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ឱ្យដឹងថា មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះ មានជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។

លោក ម៉ក់ ជីតូ បញ្ជាក់ថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។

សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ស្លាកលេខភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ CHEN HSIN HAN អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕