លោក នេត្រ ភក្រ្តា បង្ហាញមហិច្ឆិតាធ្វើទំនើបកម្មក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមលោក ជារដ្ឋមន្រ្ដីក្រសួងព័ត៌មានគឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់លោក រដ្ឋមន្ត្រីថ្មីរូបនេះ ធ្វើឡើង ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោក នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ការផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើបនេះ គឺដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកបានថ្លែងបន្ថែមថា៖ «ការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។

ជាមួយគ្នានេះរដ្ឋមន្រ្ដីបានលើកឡើងទៀតថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជារបស់យើងក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។

លោកបានបញ្ជាក់ទៀតថា នេះគឺជាថ្ងៃដំបូងដែលលោក បានមកបង្ហាញខ្លួនឱ្យមន្រ្ដីរាជការ បុគ្គលិកទាំងអស់របស់ក្រសួងព័ត៌មានបានស្គាល់មុខរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងអាណត្ដិទី៧នេះ និងជំរុញបន្ដកិច្ចការងារដែលមាន ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរថែមទៀត។

បើតាមមន្ត្រីក្រសួងព័ត៌មាន លោក រដ្ឋមន្ត្រីថ្មី ក្រសួងព័ត៌មាន មានបំណងបង្កើតសាលាព័ត៌មានរបស់ក្រសួងព័ត៌មាន គឺវិទ្យាស្ថានជាតិព័ត៌មាន និងទំនាក់ទំនងសាធារណៈ ។ វិទ្យាស្ថាននេះជាកន្លែង បង្រៀនសរសេរ ថតវីដេអូ ថតសំឡេង ព័ត៌មាន ប្រកបដោយវីជ្ជាជីវៈ ៕