បុរសវ័យចំណាស់ម្នាក់ មានជម្ងឺប្រចាំកាយឈ្លាតទៅនេសាទត្រី បានធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លា..ប់

បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីលើទូកពេលទៅរកត្រីបណ្តាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខេសីហា ឆ្នាំ២០២៣ នៅចំណុចព្រែកតាសោម ស្ថិតនៅក្នុង ភូមិបត់ត្រង់ ឃុំប្រាសាទ ព្រំប្រទល់រវាងឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េង នល់ ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ ។

លោកអធិការបន្តថា៖ ឆ្លងតាមការបំភ្លឺពីឈ្មោះ ហួ វុន ភេទស្រី អាយុ ៦៧ឆ្នាំ ( ត្រូវជាប្រពន្ធ សាកសព) បានរៀបរាប់ ប្តីរបស់គាត់ជម្ងឺប្រចាំកាយស្គមស្គាំង( កើតរបេង) ។ មុនកើតហេតុ គាត់ទាំងពីរនាក់ប្ដីប្រពន្ធព្រមទាំងចៅប្រុសតូចម្នាក់ផងនោះ បានទៅរកនេសាទត្រីនៅក្នុងព្រែក ពេលដែលប្ដីរបស់គាត់ កំពុងតែចងដើមកំប្លោកទុកសម្រាប់ហ៊ុំ យកត្រីស្រាប់តែធ្លាក់ពីលើទូកស្មាច់ចូលទៅក្នុងទឹកព្រែកមានជម្រៅប្រហែលជាង ៣ម៉ែត្រ ហើយគាត់ក៏ខំស្រវ៉ាចាប់ទាញដៃប្ដីឡើងមកទូកដែរតែត្រូវរបូតដៃទៅវិញចូលទៅក្នុងទឹកបាត់ទៅដោយពុំឃើញផុសមកវិញសោះ ទើបគាត់អ៊ុំទូកទៅរកហៅបងប្អូនអ្នកដែលនៅរកនេសាទក្បែរនោះ ចម្ងាយប្រហែល ២០០ម៉ែត្រ ដើម្បី ជួយរកប្ដីរបស់គាត់ តែពេលរកឃើញស្រង់ពីក្នុងទឹក ឡើងមកលើគោកប្ដីរបស់គាត់ មានសភាព ស្ដូកស្ដឹង ។

លោក ទេព រដ្ឋា បានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានបានបង្កើតគណៈកម្មាការត្រួតពិនិត្យសព មានសមាសភាព ១- នគរបាលប៉ុស្តិ៍ប្រាសាទ,២- គ្រូពេទ្យឃុំប្រាសាទ,៣- សមាជិកក្រុមប្រឹក្សាឃុំប្រាសាទ,៤- អនុភូមិទន្លាប់,៥- កូនប្រពន្ធរបស់ជនរងគ្រោះ ឃើញថា នៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នៅឡើយ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រកដមែន៕