លោក ប៉ាន សូរស័ក្តិ ៖ អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( អាសិប) ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក និង ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

ការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ ខាងលើនេះ ធ្វើឡើងក្នុងពេលលោក ចូលរួមក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់»នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ អាសិបនេះ នឹងទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។

លោកបញ្ជាក់ថា អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

គួរបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕