សៀមរាប៖ គ្រឿងញៀនទម្ងន់ប្រមាណជាង១២០គីឡូក្រាម រួមជាមួយសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចរបស់ខេត្តចំនួន៣ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បង្ក្រាបបានកាលពីពេលកន្លងមកនេះ ត្រូវបានធ្វើការដុតបំផ្លាញចោល នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់អង្គភាព និង សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល ប៉ុន្តែសូមផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ក៏បានលើកផងដែរ អំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ចំពោះក្រុមឧក្រិដ្ឋជន បានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន ដែលបានទៅព្យាបាលជម្ងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើមី្បសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏នមិន ឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់ឡើយ ។
លោក មាស វីរិទ្ធ បាន បន្តថា កន្លងមករាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងបន្តការយកចិត្តទុកដាក់ ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ទទួលបានលទ្ធផលគួរជាទីមោទនៈ ប៉ុន្តែ សូមឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្ម ភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត។
ជាមួយគ្នានេះ លោក ក៏បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស និង យុវជនកម្ពុជាទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ សង្គមជាតិ ក្នុងនោះយុវជនដែលល្អ គឺត្រូវចេះស្រឡាញ់ខ្លួន ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និង ចូលរួមគាំទ្រកំចាត់គ្រឿងញៀន ។
សូមបញ្ជាក់ថា វត្ថុតាងដែលសម្រេចរឹបអូសពីខេត្តទាំង៣ ហើយត្រូវបំផ្លាញចោលនាពេលនេះរួមមាន៖
១. ខេត្តសៀមរាប ៖ ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាថ្នាំញៀន ច្រកក្នុងថង់កិបមាត់ពណ៌ស មានចំនួន ១៤ ថង់ធំ សាច់ថ្នាំសុទ្ធមានទម្ងន់សរុប ២៤.៧៦៩,៣៣ ក្រាម ។ ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាថ្នាំញៀន ច្រកក្នុងថង់កិបមាត់ពណ៌ស រួចដាក់ក្នុងស្រោមសំបុត្រពណ៌គគី ចំនួន ០១ថង់ សាច់ថ្នាំសុទ្ធមានទម្ងន់សរុប ១២១,៨៦ ក្រាម ។ ថ្នាំគ្រាប់ WY ៧៦៤ គ្រាប់ ស្មើទម្ងន់ ៧៨,១៧ ក្រាម ។ ស្រោមសំបុត្រពណ៌ស និងពណ៌ខ្លឹមខ្នុរបិទជិតមានចំនួន ៨៣ កញ្ចប់តូច បានហែកបញ្ចូលគ្នា ដើម្បីថ្លឹងទំងន់ សរុបចំនួន ២៦៦៥ ក្រាម (ថ្លឹងទាំងសំបក) ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន – ឧបករណ៍ឆ្នៃសម្រាប់ជក់គ្រឿងញៀន (ដបទឹកសុទ្ធ ទុយោបឺត ដែកកេះ) ចំនួន ៤៨៩ ស្រោមសំបុត្រ។
២. ខេត្តកំពង់ធំ ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់សរុបចំនួន ៣៩៤,៧៨ ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ចំនួន ២៨ គ្រាប់ ទម្ងន់ ៨,៦៧ ក្រាម- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ២៥២ គ្រាប់ មានទម្ងន់ ២៦,៣៧ ក្រាម សរុបគ្រឿងញៀនដែលត្រូវដុតបំផ្លាញមានទម្ងន់ ៤២៩,៨២ ក្រាម។
៣. ខេត្តព្រះវិហារ ៖ ម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក (ICE) ទម្ងន់សរុប ៣៤២,៦៣ក្រាម – ម្សៅក្រាមពណ៌សថ្លា ប្រភេទ កតាមីន (KETAMIN) ចំនួន ៩៩៥៤៩,៣៧ក្រាម។ – ថ្នាំញៀនប្រភេទ WY ចំនួន ២១,២៦ក្រាម។
៤. ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងត្រូវបំផ្លាញចោលផ្សេងៗមួយចំនួនទៀត ៕