លោក យង់ ពៅ ចង់ឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីប្រើកណ្តាប់ដៃដែកបង្ក្រាបករណី លាងលុយ ជួញដូរមនុស្ស គ្រឿងញៀន និង យុត្តិធម៌សង្គមឱ្យខានតែបាន

ភ្នំពេញ៖ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចង់ឱ្យរាជដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រើកណ្តាប់ដៃដែកបង្ក្រាបករណី លាងលុយ ជួញដូរមនុស្ស គ្រឿងញៀន និង យុត្តិធម៌សង្គមឱ្យខានតែបាន ព្រោះករណីទាំងអស់នេះ សុទ្ធតែជារូបភាពមិនល្អសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។

លោក យង់ពៅ បានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៨ ខែសីហា នេះ ឱ្យដឹងថា៖ «ករណី លាងលុយ ជួញដូរមនុស្ស គ្រឿងញៀន យុត្តិធម៌សង្គម សុទ្ធតែជារូបភាពមិនល្អសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។ មហាជនសង្ឃឹមថា RGC អាណត្តិទី៧ ប្រើកណ្តាប់ដៃដែកបង្រ្កាបឱ្យខាងតែបាន…!
RGC គួរមានសារនយោបាយច្បាស់លាស់ និងសកម្មភាពច្បាស់លាស់ចំពោះករណីទាំងនេះ ដើម្បីស្តារមុខមាត់ប្រទេសជាតិ»។

សិង្ហបុរីបានបើកការស្រាវជ្រាវនិងឈានទៅបង្រ្កាបករណីលាងលុយដ៏ធំមួយ ដោយបានវាយឆ្មក់ក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការលាងលុយកខ្វក់និងបទល្មើសក្លែងបន្លំ ដោយក្នុងនោះបង្ក្រាបបានជនជាតិចិនសញ្ជាតិខ្មែរចំនួន៣នាក់ឈ្មោះ Su Baolin, Chen Qingyuanនិង Su Wenqiang។ នេះបើតាមតាមការចុះផ្សាយ ដោយសារព័ត៌មានសិង្ហបុរីCNA នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។

CNA ឱ្យដឹងថា ពួកគេទាំងអស់នោះ កំពុងស្ថិតក្រោមការឃុំខ្លួន។ ជាមួយគ្នានេះ ប៉ូលិសបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល៧៣៥លានដុល្លារផងដែរ រួមមានទាំងផ្ទះចំនួន៩៤ រថយន្ត៥០គ្រឿង ដុំមាស នាឡិកាប្រណិតនិងកាបូបដែលមានតម្លៃថ្លៃចំនួនជាង២៥០ លុយសុទ្ធនិងគ្រឿងអលង្ការជាដើម។

ដោយឡែកសម្រាប់ករណីគ្រឿងញៀន ក្រុមឧក្រិដ្ឋជនមួយក្រុមដែលមានគ្នីគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសពាក់ព័ន្ធគ្រឿងញៀនជាជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញជុំចិន្តា។ ហេតុការណ៍នេះបានធ្វើឱ្យប្រជាពលរដ្ឋនៅជុំវិញទីតាំងកើតហេតុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ បានច្បាមចាប់មុខសញ្ញាបានឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំងជាជនជាតិចិន(តៃវ៉ាន់)មួយក្រុមបានធ្វើសកម្មភាពចរាចរគ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាសឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា រួចបន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិនតាមលំហរសមុទ្រ។

ប្រត្តិបត្តិការបង្ក្រាបបទល្មើសជួយដូរថ្នាំញៀនទ្រង់ទ្រាយធំនេះ បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) ពីកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយការបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ។

កម្លាំងសមត្ថកិច្ចជំនាញបែងចែកជា២ក្រុម ដោយក្រុមទី១ ចេញប្រតិបត្តិការនៅវេលាម៉ោង ០២៖៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់បានជនសង្ស័យ២នាក់ ភេទប្រុស ជាជនជាតិចិន(តៃវ៉ាន់)រួមមាន៖ ទី១.ឈ្មោះ AN CHI WEIកើតឆ្នាំ១៩៩២ និងទី២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចំពោះវត្ថុតាងសមត្ថកិច្ចរឹបអូសបានសារធាតុញៀនប្រភេទកេតាមីន៧៨៥ដុំ ស្មើនឹងទម្ងន់ ៧៨៩គីឡូក្រាមនិង៧៨១ក្រាម រួមជាមួយរថយន្ត១គ្រឿង និងទូរស័ព្ទ២គ្រឿង។

ដោយឡែក ក្រុមទី២ចេញប្រតិបត្តិនៅវេលាម៉ោង០៧៖៣០ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ភេទប្រុស ជាជនជាតិចិន(តៃវ៉ាន់)រួមមាន៖ ទី១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ជាមេខ្លោង។ ទី២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ទី៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ១៩៩៧ និងទី៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ១៩៨៨។ ចំពោះវត្ថុតាងដែលចាប់បានរួមមាន៖ រថយន្ត៣គ្រឿង ម៉ូតូ ២គ្រឿង ទូរសព្ទ៥គ្រឿង គណនីធនាគារ៨គណនី។

សរុបជារួមសមត្ថកិច្ចទាំងពីរក្រុមចាប់ខ្លួនបានជនសង្ស័យ៦នាក់ សុទ្ធសឹងជាជនជាតិចិនតៃវ៉ាន់ និងរឹបអូសសារធាតុញៀនប្រភេទកេតាមីន៧៨៥ដុំ ស្មើទម្ងន់៧៨៩គីឡូក្រាមនិង៧៨១ក្រាម និងវត្ថុតាងជាច្រើនទៀតដូចជា៖ រថយន្ត៤គ្រឿង ម៉ូតូ២គ្រឿង ទូរសព្ទ៧គ្រឿង និងគណនីធនាគារ៨គណនី៕