គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតុលាខាងមុខ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប សរុបចំនួន ៦០ នាក់ នៅទីស្ដីការ គ.ជ.ប ដើម្បីត្រៀមចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោកបន្តថា ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គ.ជ.ប មានបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

លោក បញ្ជាក់ទៀតថា ការចុះឈ្មោះបោះឆ្នោត សម្រាប់៖ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត, ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) និង ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

លោកបន្ថែមថា អ្នកមកស្នើសុំធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់ត្រាមិនត្រឹមត្រូវ, ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀតក្នុងភូមិតែមួយ, ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង និង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួសសុពលភាព ឬ/និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្ត-សញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន៕