លោក ស ថេត បញ្ជាឱ្យ អធិការនគរបាលខណ្ឌចំការមនចាត់វិធានការតាមផ្លូវច្បាប់ចំពោះអធិការរងរបស់ខ្លួនម្នាក់ដែលប្រើហិង្សាលើពលរដ្ឋ

ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបទបញ្ជាដាច់ណាត់របស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញឱ្យអធិការនគរបាលខណ្ឌចំការមន ចាត់វិធានការតាមផ្លូវច្បាប់លើ អធិការរងនគរបាលខណ្ឌចំការមនមា្នក់(ព្រះនាមបាសាក់១៤) ដែលប្រើអំពើហឹង្សាលើពលរដ្ឋ។

លោក សាន សុខសីហា ប្រាប់ Khmer CM នៅថ្ងៃទី ១៤ ខែសីហា នេះថា ក្នុងនាមជាមន្ត្រី នគរបាលមិនត្រូវបង្កហិង្សា មកលើប្រជាពលរដ្ឋដូច្នេះ នោះទេ។ ចំពោះពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ វិញត្រូវហៅ គាត់មកធ្វើកិច្ចសន្យា ឬ ក៏ផាកពិន័យទៅទៅតាមច្បាប់។

យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអំពើហិង្សាខាងលើនេះ បានឱ្យដឹងថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត៕