ចាប់ខ្លួនជនសង្ស័យ ២នាក់នៅស្រុកព្រៃនប់ ករណីលួចម៉ូតូពីស្រុកមណ្ឌលសីមា

កោះកុង: ករណីលួចម៉ូតូ ម៉ាកWave នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្រុស នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ នៅស្រុកព្រៃនប់។

របាយការណ៍របស់សមត្ថកិច្ចស្រុកមណ្ឌលសីមានៅថ្ងៃទី១៤ ខែសីហានេះឲ្យដឹងថា ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ ឈ្មោះ គៀម សុខបាន ភេទប្រុស មានទីលំនៅភូមិ ចាំយាម ឃុំប៉ាក់ខ្លង បានដាក់មកពាក្យបណ្តឹងនៅអធិការដ្ឋាន កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ បានបាត់ម៉ូតូម៉ាក Wave ពណ៌ខ្មៅសេរីឆ្នាំ ២០១០ពាក់ស្លាកលេខថៃ ។


     
ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញនៃអធិការដ្ឋានបានស្រាវជ្រាវ កំណត់មុខសញ្ញា និងបានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់  ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្រុស នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ រួមមាន១, ជនសង្ស័យឈ្មោះ មិត្ត ដានុន  (ហៅណាង)ភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិនាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ និង២, ជនសង្ស័យឈ្មោះ សំណាង ភក្តី ភេទ ប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លងស្រុមណ្ឌលសីមា ខេត្តកោះកុងមុខរបរនៅផ្ទះ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់នោះបានសារភាពថាខ្លួនលួចម៉ូតូនេះទៅខេត្តព្រះសីហនុព្រោះចង់ទៅរកការងារធ្វើនៅទីនោះ៕