លោក ផាន អូន បញ្ជាឲ្យមន្រ្តីជំនាញចុះត្រួតពិនិត្យពលរដ្ឋពុលអាហារក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ ក្រោយទទួលបានដំណឹងថាមានប្រជាពលរដ្ឋពុលអាហារស្ថិតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាផ្ទាល់ភ្លាមៗទៅកាន់មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាមឱ្យចុះត្រួតពិនិត្យកន្លែងកើតហេតុផ្ទាល់ភ្លាមៗតែម្ដង។

បន្ទាប់ពីទទួលបានបញ្ជានេះប មន្រ្តីជំនាញ សាខាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានចុះទៅកន្លែងកើតហេតុ ក៏ដូចជាមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនោះផង និងសាកសួរនាំព័ត៌មានមួយចំនួនអំពីការពុល ដែលមានចំនួន ១០នាក់។

តាមការសាកសួរពីប្រជាពលរដ្ឋបានឱ្យដឹងថាការពុលអាហារគឺបន្ទាប់ពីបានពិសារបាយភ្លៅមាន់ដែលនៅទីតាំងកន្លែងកើតហេតុតែម្ដង និងតាមការបំភ្លឺរបស់ម្ចាស់ហាងបាយភ្លៅមាន់គាត់ទើបតែបើកលក់បាន១៥ថ្ងៃតែប៉ុណ្ណោះ ដែលមានគ្រឿងផ្សំមួយចំនួនដែលមានការសង្ស័យ ទើបមន្រ្តីជំនាញបានស្រង់យកសំណាកគំរូដូចជាទឹកម្ទេស ទឹកស៊ីអ៉ីវ ទឹកសៀង និងទឹកស្រូបបាយ ដើម្បីបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីធ្វើការពិសោធន៍រកលទ្ធផលជាក់ស្ដែងនៃការពុល៕